ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍៖ ប្រវត្តិសាស្ត្រ ល្បិចទល់ល្បិច
ភ្នំពេញ៖ «ប្រវត្តិសាស្ត្រ ល្បិចទល់ល្បិច ចាប់ផ្តើមចរចាដំបូង គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ ហ្វែរ អង់ តាដឺន័រ នៅប្រទេសបារាំង ដែលការចរចានោះមានសេចក្តីប្រកាសរួម ឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងសម្ដេច (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ Fere En Tardenois ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧)»។ នេះជាប្រសាសន៍លើករបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានបន្តថា ប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯសម្ដេច ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី។ ប៉ុន្ដែសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានស្នើឱ្យបង្កើតឡើងនូវគណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ឯសម្ដេច ហ៊ុន សែន ជាអនុប្រធាន ពេលនោះសម្ដេច ហ៊ុន សែន បានឯកភាពលើសំណើនេះ។
ឯកឧត្ដមបន្តទៀតថា សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលម្តងហើយម្តងទៀត ប្រាប់សម្ដេច ហ៊ុន សែន ថាទោះមាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ព្រះអង្គត្រូវតែវិលត្រឡប់ទៅនៅជាមួយសម្ដេច ហ៊ុន សែន ដែរ ព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបន្តទៀតទេ។ ការសម្ងាត់ត្រូវបែកធ្លាយនៅក្រុងបាងកក ប្រទេសថៃ វាជាសម្ពាធខាងនយោបាយដ៏ធំមួយចំពោះពួកខ្មែរក្រហម និងបរទេសខ្លះ។
រដ្ឋលេខាធិការរូបនេះបានបន្ថែមថា ដើម្បីកុំឱ្យសម្តេចព្រះនរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំងតាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែនកុសល។ ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានប្រជុំឡើងវិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិនមែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។
ពីធីករជើងចាស់ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងយ៉ាងដូចនេះថា លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរូសមួយនេះ ដូច្នេះប្រធានបទលើ ការឈប់បាញ់ និងរំសាយកងទ័ព ដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ៕