របងយក្សអត់ច្បាប់បានកំពុងផុសឡើងនៅកណ្ដាលភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈអាជ្ញាធរមូលដ្ឋានឃុំថា ម្ចាស់ដីពិបាកនិយាយគ្នាណាស់ ហើយអត់បានសុំច្បាប់ទេ!
(កណ្ដាល)៖ របងថ្មរឹងមាំកម្ពស់ជាង៥ម៉ែត្រអត់ច្បាប់បានកំពុងផុសឡើងយ៉ាងងងើលបង្អួតអ្នកភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងក្រាក់នេះក៏មិនបានសុំច្បាប់នៅឃុំដែរ។
មជ្ឍដ្ឋានបានលើកឡើងថា តើម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គាត់ជានរណា មកពីណា មានតួនាទីអ្វី ឬមួយទើបចេញពីព្រៃ បានជាមិនស្គាល់ច្បាប់ មិនគោរពច្បាប់ មិនឲ្យតម្លៃច្បាប់ ឬមួយគិតថា មានលុយអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនចាំបាច់គោរពច្បាប់ មិនចាំបាច់ឲ្យតម្លៃដល់អាជ្ញាធរមូលដ្ឋានឃុំ ស្រុកឬយ៉ាងណា?
ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបបានឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អត់បានសុំច្បាប់ធ្វើរបងនឹងដែរ។
ជុំវិញបញ្ហានេះ មន្ត្រីជំនាញសាលាស្រុកអង្គស្នួលមួយរូបបានឲ្យដឹងដែរថា លោកមិនទទួលបានព័ត៌មាននោះទេ លោកសុំពេលស្រាវជ្រាវសួរនាំខាងឃុំសិន។
បើតាមប្រភពពីមន្ត្រីភូមិបាលស្រុកអង្គស្នួលមួយរូបបានបញ្ជាក់ថា របងនឹងគាត់អត់បានសុំច្បាប់ទេ។
ទាក់ទិននឹងរបងខាងលើនេះ លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលបានឲ្យ The Mirror News ដឹងថា លោកឲ្យជំនាញពិនិត្យ រាយការណ៍មកលោកសិន។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាព The Mirror News នៅតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕