ប៉ូលិសស្រុកត្រាំកក់ចុះចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់
នៅវេលាម៉ោង១៧៖០០នាទី ថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់បានឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពបានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ សុក សុភា ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មានបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនសង្ស័យខាងលើ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដោយដាក់ការសង្ស័យថា ជាសារធាតុញៀនចំនួន០៥កញ្ចប់ ទូរស័ព្ទ ០១គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ គឺដោយទទួលបានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានការសម្របសម្រួលពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ បានចុះទៅធ្វើការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់សាធាតុញៀនខុសច្បាប់មួយករណីខាងលើរហូតចាប់ឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕