នាយទាហានរងម្នាក់ជាន់មីនផ្ទុះស្លាប់ភ្លាមៗ ខណៈដើរល្បាតត្រួតពិនិត្យការពារទីតាំងនៅចំណុចខ្នងភ្នំដងរែក
នាយទាហានរងម្នាក់ឈ្មោះព្រិន្ទបាលឯក ម៉ុយ ទឿម អត្ថលេខ០៧១០០៦ មុខងារនាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ បានជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
តាមប្រភពបានឲ្យដឹងថា នាយទាហានរងខាងលើបានដើរល្បាតត្រួតពិនិត្យការពារទីតាំងក៏បានជាន់មីនចាស់ប្រភេទមីនK59 របស់សូវៀត ខណៈពេលសម្រាកទៅបត់ជើងធំនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកព្រឹក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ប្រភពបន្តថា សពរបស់នាយទាហានរូបនេះបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះយោធិនដែលស្ថិតនៅភូមិត្របែកសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
គួរជម្រាបថា ការបាត់បង់អាយុជីវិតនាយទាហានរង ព្រិន្ទបាលឯក ម៉ុយ ទឿម ខាងលើនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសពនិងបានឧបត្ថម្ភដល់ក្រុមគ្រួសារសពចំនួន១០លានរៀលផងដែរ៕