ឯកឧត្តម នូ វឌ្ឍនៈ និងឯកឧត្ត្តម ហ៊ាង វុត្ថា ដឹកនាំសមាជិកនិងប្រជាពលរដ្ឋឃុំលើកដែកចំនួន១៨០នាក់ធ្វើដំណើរកម្សាន្តតាមផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុដើម្បីអបអរសាទរជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា

ដើម្បីអបអរសាទរជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម នូ វឌ្ឍនៈ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ទទួលជួយឃុំលើកដែក និងឯកឧត្ត្តម ហ៊ាង វុត្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំលើកដែកបានដឹកនាំសមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ឃុំលើកដែក ចំនួន១៨០នាក់ធ្វើដំណើរកម្សាន្តតាមផ្លូវល្បឿនលឿនភ្នំពេញ​​​ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុមានរយៈពេល១ថ្ងៃ។

ជាមួយគ្នានោះ ដោយមានការអនុញ្ញាតពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន​​ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម នូ វឌ្ឍនៈ និងឯកឧត្ត្តម ហ៊ាង វុត្ថា ក៏បានដឹកនាំសមាជិក សមាជិការនិងប្រជាពលរដ្ឋឃុំលើកដែកទាំង១៨០នាក់បានចូលទស្សនាកម្សាន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

ជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។
តាមលទ្ធផលបណ្តោះអាសន្ននេះ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០ ១៥៤សំឡេង។

ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១ នាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់។ បន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រជាង ១៣ម៉ឺនសំឡេង គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៩ម៉ឺន ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៨ម៉ឺនសំឡេង ហើយគណបក្សកសិករទទួលបានសំឡេងតិចជាងគេ គឺត្រឹមតែជាង ១ម៉ឺនសំឡេង។

គួររំលឹកផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ ហើយចំពោះគណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង