ពាក់ទុយោខ្យល់អុកស៊ីសែន ចុះទៅបិទទូកដែលលិចនៅក្នុងទឹក បណ្ដាលឲ្យអស់អុកស៊ីសែន លង់ទឹកស្លាប់
កម្មករយាមទូកម្នាក់បានលង់ទឹកស្លាប់ ក្រោយពាក់ទុយោខ្យល់អុកស៊ីសែន ចុះទៅបិទទូកដែលលិចនៅក្នុងទឹក បណ្ដាលឲ្យអស់អុកស៊ីសែន នៅវេលាម៉ោង៨៖៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍នគរបាលប៉ាក់ខ្លងថា មានករណីមនុស្សស្លាប់ដោយសារលង់ទឹក នៅវេលាម៉ោង១៖៤៥នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋានស្រុកមណ្ឌលសីមាបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌបច្ចេកទេស និងគ្រូពេទ្យខេត្ត ដឹកនាំដោយលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុងបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពឈ្មោះ គ្រុយ ប៊ុនឃឿន ហៅតាក់ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មករយាមទូក ជនជាតិថៃឥសាន មានទីលំនៅស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ប្រភពព័ត៌មានបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់គឺដោយសារសពជនរងគ្រោះបានពាក់ទុយោខ្យល់អុកស៊ីសែនចុះទៅបិទទូកដែលលិចនៅក្នុងទឹកបណ្ដាលឲ្យអស់អុកស៊ីសែន ដាច់ខ្យល់លង់ទឹកស្លាប់តែម្ដង។
ប្រភពព័ត៌មានពីមន្ត្រីជំនាញនិងគ្រូពេទ្យពិនិត្យសាកសព ក៏បានសន្និដ្ឋានថា សពពិតជាលង់ទឹកស្លាប់ប្រាកដមែន។ក្រោយពីពិនិត្យសាកសពរួច ផ្នែកជំនាញក៏បានប្រគល់សពឱ្យទៅឈ្មោះ ឌុក ស្រ៊ អាជ្ញាធរក្រុមប្រឹក្សាឃុំបាក់ខ្លងយកទៅធ្វើបុណ្យតាមប្រពៃណី៕