តើចៅសង្កាត់កោះដាច់ពិតជាកំពុងលួចសហការគ្នាជាមួយក្រុមឈ្មួញជីកកាប់កាយយកអាចម៍ដីលក់យកលុយដាក់ហោប៉ៅចែកគ្នាចាយក្រោមលេសស្ដារធ្វើស្រះចិញ្ចឹមត្រីលក់និងការបង្កើតរម្យណីដ្ឋានដើម្បីផ្គត់ផ្គង់ប្រជាការពារនៅសង្កាត់មែនទេ?

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក បុិច ចាម ចៅសង្កាត់កោះដាច់ដែលទើបឡើងកាន់តំណែងថ្មី មិនទាន់បាន១ឆ្នាំនៅឡើយនោះទេ ក៏ប៉ុន្តែ ស្រាប់តែហ៊ានគប់គិតគ្នាយ៉ាងល្អប្រសើរជាមួយក្រុមឈ្មួញកាប់កាយយកអាចម៍ដីអូរតានងលក់យកលុយដាក់ហោប៉ៅចែកគ្នាចាយ ក្រោមលេសស្ដារស្រះចិញ្ចឹមត្រី និងធ្វើរមណីយដ្ឋាន។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ចៅសង្កាត់កោះដាច់ថ្មីរូបនេះបានកំពុងគប់គិតជាមួយក្រុមហ៊ុនចំនួន០២គឺ *ទី១. ក្រុមហ៊ុន សេង គឹមហោ និងទី២. ក្រុមហ៊ុន អៀត ចំរើន ដោយបានសហការគ្នាកាប់យកអាចម៍ដីនៅចំណុចអូរតានង យកទៅលក់យកលុយចែកគ្នាចាយដោយក្នុង១ឡានចន្លោះ ពី២០$ ទៅ ២៥$ ក្រោមលេសថា ស្ដារធ្វើស្រះចិញ្ចឹមត្រីដើម្បីយកទិន្នផលដែលលក់បាន និងការបង្កើតរម្យនី​ដ្ឋាន យកទៅផ្គត់ផ្គង់ប្រជាការពារនៅសង្កាត់កោះដាច់។

បើតាមប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា លោក បុិច ចាម ហៅ គ្រូ ទ្រី ដែលទើបនឹងឡើងកាន់តំណែងជាចៅសង្កាត់ថ្មីថ្មោង កាលពីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រជាពលរដ្ឋមានទំនុកចិត្ត បានបោះឆ្នោតជូនលោក ជាប់ជាបេក្ខភាពចៅសង្កាត់ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសេវាសាធារណៈផ្សេងៗ ក៏ប៉ុន្តែលោកមកកាន់តំណែងជាចៅសង្កាត់មិនទាន់បានប៉ុន្មានផង គាត់ស្រាប់តែបានគប់គិតជាមួយក្រុមហ៊ុនខាងលើជីកដីអូរតានងយកទៅលក់ក្នុងមួយថ្ងៃពី៥០ឡានទៅ១០០ឡាន ក្នុងតម្លៃពី២០ដុល្លារទៅ១៥ដុល្លារក្នុងមួយឡាន ក្រោមលេសស្ដារស្រះចិញ្ចឹមត្រីនិងបង្កើតរមណីយដ្ឋាន ដើម្បីប្រមូលផលផ្គត់ផ្គង់ជីវភាពប្រជាការពារនៅក្នុងសង្កាត់កោះដាច់ និងលេសដោះសារមួយទៀត ជីកដីធ្វើ ហើយខាងសង្កាត់ត្រូវសងអាចម៍ដីទៅឲ្យក្រុមហ៊ុនទាំងពីរ ដើម្បីជាការដោះដូរគ្នាសំណងនឹងការធ្វើផ្លូវប៉ុន្តែរូបភាពបែបនេះ កើតឡើងជាយូរមកហើយរឿងសង្កាត់ជំពាក់អាចម៍ដីក្រុមហ៊ុនទាំងពីរមិនចេះចប់។

ប្រភពព័ត៌មានបានបន្ថែមថា នៅក្នុងការងារនេះគេបានប្រើ លោក សេង ហ៊ន់ ដែលជាជំនួយការភូមិ ធ្វើជាមេការគ្រប់គ្រង និងកត់បុងរាប់ចំនួនជើងឡាន ក្នុងមួយឡាន លោក សេង ហ៊ន់ ត្រូវយកមួយដុល្លារ ដាក់ចូលទៅក្នុងសង្កាត់ និងនៅសល់តម្លៃប៉ុន្មាន ខាងក្រុមហ៊ុននិងលោកចៅសង្កាត់ត្រូវចែកភាគហ៊ុនគ្នា។

ទាក់ទិនករណីខាងលើប្រជាពលរដ្ឋដាក់ជាចម្ងល់ថា តើពេលណាខាងសង្កាត់ ទូទាត់សងអាចម៍ដីទៅឲ្យក្រុមហ៊ុនទាំងពីរនេះចប់សព្វគ្រប់ បើមួយឆ្នាំៗឃើញតែជីកដីបឹងនិងជីកដីអូរយកទៅលក់ គ្មានពេលឈប់ឈរយ៉ាងដូច្នេះ?

ម្យ៉ាងវិញទៀតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានសំណូមពរដល់លោកចៅសង្កាត់កោះដាច់ថ្មី រាល់ពេលដាក់គម្រោង ដេញថ្លៃធ្វើផ្លូវ សូមមេត្តាដាក់ឲ្យបានច្បាស់លាស់ជាមួយនឹងក្រុមហ៊ុន ឬមួយមានតែក្រុមហ៊ុន០២ខាងលើទេ?

ពាក់ព័ន្ធករណីជីកយកអាចម៍ដីលក់ខាងលើ ប្រជាពលរដ្ឋបានសំនូមពរដល់លោក ឃួង ស្រេង ចៅហ្វាយរាជធានីភ្នំពេញនិងលោកចៅហ្វាយខ័ណ្ឌជ្រោយចង្វាមេត្តាដាក់មន្ត្រីជំនាញចុះទៅពិនិត្យតាមដាន និងអន្តរាគមន៍ផង ចៀសវាងមានក្រុមមន្ត្រីខិលខូចគប់គិតគ្នាជាមួយក្រុមហ៊ុនឬបក្សពួកកេងប្រវ័ញ្ចយកទ្រព្យសម្បត្តិរដ្ឋធ្វើអាជីវកម្មយកលុយចែកគ្នាចាយដូចការលើកឡើងខាងលើមែន៕

អត្ថបទដែលជាប់ទាក់ទង