ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា

អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាក្នុងការបំពេញបេសកកម្មបម្រើជាតិ និងមាតុភូមិ។

ការអំពាវនាវរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែក សម្រាប់ឃុំដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកគងពិសី។

នាឱកានោះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃផងដែរ។

ឯកឧត្ដមបានថ្លែងអំណរគុណដល់គណៈកម្មការ ចុះជួយឃុំជង្រុក ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់ក្នុងប្រវត្តិសាស្ត្រ នៃការបោះឆ្នោតកន្លងមក ក្នុងនោះក្នុងឃុំជង្រុកផ្ទាល់ បានទទួលសំឡេងគាំទ្រដល់ទៅ៨៦,៦២% បើធៀបទៅនឹងសន្លឹកឆ្នោតបានការ ដែលធ្វើឲ្យឃុំជង្រុកជាប់ចំណាត់ថ្នាក់លេខ១ ក្នុងស្រុកគងពិសី។

ទន្ទឹមនោះ  ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការទទួលបានជ័យជម្នះនេះ មិនមែនជារឿងចៃដន្យនោះទេ គឺសុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារចលនាបោះឆ្នោតឃុំ សមាជិក សមាជិកា ក្នុងស្មារតីស្រលាញ់គាំទ្រយ៉ាងស្ម័គ្រស្មោះ ជូនចំពោះគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង