ឃាត់ខ្លួនជនជាតិចិនម្នាក់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា

កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាចូលក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យជាច្រើននាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅយប់ម៉ោង៩ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យមួយក្រុមបានជិះរថយន្ត៣គ្រឿងចាប់ជនរងគ្រោះចេញពីផ្ទះវីឡាមួយកន្លែងស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌទទួលបានដំណឹងនេះភ្លាម បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវ និងតាមចាប់ជនសង្ស័យរហូតដល់ម៉ោង១១កន្លះយប់ថ្ងៃដដែល ជនរងគ្រោះត្រូវបានជនសង្ស័យដោះលែងដោយមានរបួសតិចតួចបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា គាត់ត្រូវបានក្រុមជនសង្ស័យចាប់ដាក់ចូលក្នុងរថយន្ត ហើយដកហូតយកទូរស័ព្ទដៃរបស់គាត់ ២គ្រឿង និងបានវេរលុយចេញពីគណនីធនាគារ របស់គាត់ រួចនាំយកទៅផ្ទះវីឡាមួយកន្លែង ហើយបានប្រហែលជា ១០នាទី ទើបនាំយកគាត់ទៅអាគារមួយកន្លែងដែលនៅក្រោយសណ្ឋាគារណានហៃ រួចបង្ខាំងគាត់ទុកក្នុងបន្ទប់មួយ បន្ទាប់មកក្រុមជនសង្ស័យបានវាយធ្វើបាបរូបគាត់ដោយប្រើដំបងឆក់ រហូតដល់ម៉ោងប្រហែល១០យប់ ទើបក្រុមជនសង្ស័យដោះលែងរូបគាត់ ដោយដឹករូបគាត់មកដាក់ចោលនៅតាមផ្លូវនៅជិតកាស៊ីណូ តាស៊ីកាង។

បន្ទាប់ពីស្តាប់ចម្លើយជនរងគ្រោះរួច កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យនៅផ្ទះវីឡាដែលនៅម្តុំអូរ២ តែនៅក្នុងផ្ទះមិនមានមនុស្សទេ បន្ទាប់មកក៏មានជនជាតិចិន ១នាក់ដែលស្នាក់នៅក្នុងផ្ទះវីឡានោះដែរបានបើករថយន្ត ១គ្រឿង។បន្ទាប់ពីបានចូលត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញ ជញ្ជីងថ្លឹង ២គ្រឿង និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀន មួយចំនួនសង្ស័យសម្រាប់ថ្លឹង និងវេចខ្ចប់សារធាតុញៀន នៅក្នុងបន្ទប់របស់បុរសជនជាតិចិនម្នាក់នោះ ទើបឃាត់ខ្លួននាំយកមកធ្វើការសាកសួរ និងបន្តការងារតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង