អាជ្ញាធរខេត្តកែបសម្រេចដកបង្គោលរបងថ្មចេញ ក្រោយផ្ទុះរឿង
ក្រោយផ្ទុះរឿងថា មានបង្គោលថ្មបោះលើកណ្តាលទ្រូងផ្លូវនៅក្រុងកែប ខេត្តកែប លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា អាជ្ញាធរក្រុងកែប បានសម្រេចដកបង្គោលរបងនោះចេញហើយ ដោយមានការព្រមព្រៀងពីភាគីម្ចាស់ដី។
លោកបន្តថា ការដកបង្គោលខាងលើនេះ ដោយសារភាគីម្ចាស់ដីមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន ហើយតម្រូវឲ្យភាគីម្ចាស់ដីសុំច្បាប់នៅរដ្ឋបាលក្រុងឡើងវិញ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានអះអាងថា ការបោះបង្គោលរបស់ម្ចាស់ដី គឺយោងទៅតាមប្លង់ដែលមាន ដោយកន្លងទៅមន្ទីរជំនាញបានឈួសឆាយធ្វើផ្លូវចុះទៅសមុទ្រ ចូលដីពលរដ្ឋខាងលើប្រមាណ៣ម៉ែត្រ យ៉ាងណាយើងនឹងបញ្ចប់បញ្ហានេះ ដោយរក្សាផ្លូវ១២មដដែល ហើយម្ចាស់ដីមុនធ្វើរបងត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕