រដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់ថាដំណើរការប្រឡងនេះ ឈរលើចម្បងគឺគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព

«ពាក់ព័ន្ធដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំ និងកីឡា ដោយឈរលើចម្បងគឺគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។ការបញ្ជាក់បន្ថែមរបស់ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងក្នុងឱកាសអញ្ជើញបើកវិញ្ញាសារសរសេរដំបូង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ។

នៅចំពោះអ្នកសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី បានអះអាងថា «ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំ និងកីឡា នឹងប្រព្រឹត្តទៅក្នុងស្ថានភាពតឹងរឹងបំផុត តាមគោលការណ៍ «អ្នកចេះ គឺជាប់» «ជាប់ដោយមោទនៈ និងធ្លាប់ដោយអស់ចិត្ត» ហើយស្របតាមការណែនាំ និងទស្សនវិស័យដឹកនាំដ៏វែងឆ្ងាយ ក្នុងឆន្ទៈកែទម្រង់រដ្ឋបាលសាធារណៈរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី»។

គួរជម្រាបថា សម្រាប់ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ ក៏មានការចូលរួមពីអ្នកសង្កេតការណ៍ ដែលមកពីស្ថាប័នផ្សេងៗគ្នាផងដែរ ក្នុងនោះរួមមាន៖ ចំនួនមហាជនចុះឈ្មោះសង្កេតការណ៍ សរុប៤២៣នាក់, ចំនួនអ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យ មាន១០រូប, ចំនួនអ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២០រូប និងចំនួនក្រុមការងារសង្កេតការណ៍ ACU ដែលបានត្រៀមចំនួន៨៧រូប។

ប្រភេទវិញ្ញាសាសរសេរ (វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស) ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម៉ោង១២កន្លះ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សម្រាប់ប្រភេទវិញ្ញាសាអនុវត្តកីឡាមាន ៣វិញ្ញាសា រួមមាន ទី១៖ អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី, ទី២៖ អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី និងទី៣៖ អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី៕

អត្ថបទដែលជាប់ទាក់ទង