ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ណែនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌លើការធ្វើវិចារណកម្ម តាមរយៈការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ មុខងារ តួនាទីរបស់អង្គភាពចំណុះនៅក្នុងវិស័យយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ បានណែនាំលើការធ្វើវិចារណកម្ម តាមរយៈការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ មុខងារ តួនាទីរបស់អង្គភាពចំណុះនៅក្នុងវិស័យយុត្តិធម៌ រួមទាំងអង្គភាពរដ្ឋបាលតុលាការរបស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដោយត្រូវវិភាគមុខងារនៃអង្គភាពនីមួយៗឱ្យច្បាស់លាស់ ដើម្បីកំណត់នូវតម្រូវការធនធានមនុស្សជាក់ស្តែង និងដាក់ចេញទិសដៅកែទម្រង់ ក្នុងការរៀបចំផែនការធនធានមនុស្ស ផែនការសកម្មភាព និងកម្មវិធីការងារ សំដៅពង្រឹងសមិទ្ធផលការងារក្នុងវិស័យយុត្តិធម៌។

ការណែនាំរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បី ជជែក ពិភាក្សា អំពីការងាររៀបចំផែនការធនធានមនុស្ស និងផែនការថវិកាក្នុងវិស័យយុត្តិធម៌ ។

នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ពីទិសដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងវិស័យយុត្តិធម៌តាមប្រព័ន្ធ (FMIS) ដោយតម្រូវឱ្យអង្គភាពចំណុះនៅក្នុងវិស័យយុត្តិធម៌ រៀបចំធ្វើផែនការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយម្ចាស់ការខ្លួនឯង ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីធានាប្រសិទិ្ធភាពនៃការប្រើប្រាស់ថវិកាឱ្យចំទិសដៅការងារកែទម្រង់យុត្តិធម៌ដែលបានគ្រោងទុក ធ្វើ យ៉ាងណាឱ្យចេញសមិទ្ធកម្មការងារជាក់ស្តែង ប្រកបដោយភាពម្ចាស់ការ និងមានគណនេយ្យភាព៕

អត្ថបទដែលជាប់ទាក់ទង