រដ្ឋមន្រ្តី ឈាង រ៉ា ស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាគរូសដែលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដោយត្រូវត្រៀមរៀបចំឱ្យបានទាន់ពេលវេលា ជាពិសេសឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានគ្រប់គ្រាន់។

ជាមូយនោះនឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានសង្កត់ធ្ងន់លើការប្រើប្រាស់ឱសថ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវជៀសវាងការទុកឱសថហួសសុពលភាពប្រើប្រាស់ ដោយកន្លងមកនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន អាចគ្រប់គ្រងឱសថដែលមិនឱ្យផុតកំណត់សុពលភាព សូម្បីតែមួយគ្រាប់។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរ និងថ្លែងអំណរគុណ កោតសរសើដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងមក ដោយសូមបន្តអនុវត្តសកម្មភាពបែបនេះឱ្យល្អរហូតដូចភ្លៀងរលឹម។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ និងថ្នាក់ដឹកនាំដែលបំពេញភារកិច្ចតាមបណ្តាខេត្តនានា៕

 

អត្ថបទដែលជាប់ទាក់ទង