ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស និងកំហែងយក

នៅវេលាម៉ោង១៩៖៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅត្រង់ចំណុចមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចឆក់ទូរស័ព្ទ និងកំហែងយកមួយបានកើតឡើងបង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែលជាង១០នាក់ រួចគេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ សេង ចាន់ធៀន ហៅ តាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សម្ភារបាត់បង់ ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពត 1U-8196 ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតវេលាម៉ោង ២១៖០០នាទីយប់ ថ្ងៃខែឆ្នាំដដែលទើបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន២៣នាក់ ស្រីចំនួន០៦នាក់ ក្នុងកិច្ចប្រតិបត្តិការ ដែលអាចពាក់ព័ន្ធករណីខាងលើ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីសាកសួរ។

ក្រោយពីធ្វើការសាកសួរ​ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថាក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់បាន មានជនសង្ស័យ ១១នាក់ ភេទប្រុស ដែលពាក់ព័ន្ធក្នុងករណីនេះ ចំណែក១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលពី លោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយត្រលប់ទៅផ្ទះវិញ។

វត្ថុតាងចាប់យកបានមានម៉ូតូចំនួន០៦គ្រឿង ទូរស័ព្ទចំនួន០៥ គ្រឿង និងខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ។

ចំពោះជនសង្ស័យចំនួន១១នាក់និងវត្ថុតាង​ ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួកដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង