នៅទីបំផុត ក្រុមគ្រួសារនៃសពទទួលបានយុត្តិធម៌ហើយ, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ២នាក់ប្ដីប្រពន្ធម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខហាក់ម៉ារីណា ពាក់ព័ន្ធករណីចាក់ថ្នាំខុស បណ្តាលឲ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី ខេត្តតាកែវ
តាកែវ៖ នៅទីបំផុត, ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខហាក់ម៉ារីណា ដែលអត់ច្បាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវបានសម្រេចឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធករណីចាក់ថ្នាំខុស បណ្តាលឲ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី ខេត្តតាកែវ។
បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវបានឲ្យដឹងថា បន្ទាប់ពី បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបន្ទាប់ពីបានសួរចម្លើយ ជនត្រូវចោទ និងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន២រូប គឺទី១.ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ និងបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយ គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៨ នៃ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបទ លាក់បំបាំងសាកសព ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ និងបទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថាន ទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១១ នៃ ក្រមព្រហ្មទណ្ឌ និងទី២.ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវ ចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែល មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទ សមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមាន ស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩, មាត្រា ២៣១ និងមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ៕