ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការរៀបចំការប្រឡងរើសមន្ត្រីក្របខណ្ឌឆ្នាំ២០២៣ សម្រាប់អង្គភាពACU

 

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការរៀបចំការប្រឡងរើសមន្ត្រីក្របខណ្ឌឆ្នាំ២០២៣ សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ខណៈនេះដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការក្នុងក្របខណ្ឌ អង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មិនខុសពីការអនុវត្តកន្លងមក ដំណើរការរៀបចំការប្រឡងនឹងប្រព្រឹត្តទៅមួយថ្ងៃពេញ ដោយគណៈកម្មការរៀបចំវិញ្ញាសា បានចាប់ផ្តើមតាក់តែងជម្រើសវិញ្ញាសានាពេលព្រឹក ដើម្បីជូនឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគ ជ្រើសរើសភ្លាមៗ សម្រាប់ដាក់ឲ្យបេក្ខជនប្រឡងនាពេលរសៀលក្នុងថ្ងៃដដែល។ ការធ្វើវិញ្ញាសានីមួយៗ ត្រូវបានសម្រេចយកគ្រូឯកទេសចំនួន៣នាក់ សម្រាប់តាក់តែងវិញ្ញាសាដើម្បីឲ្យស្របតាមការកំណត់ក្នុង SOP ស្តីពី និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។

ការប្រឡងជ្រើសរើសមន្ត្រីឲ្យចូលបម្រើការក្នុងអង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះ នឹងត្រូវជ្រើសរើសចំនួន៣៣កន្លែង ដោយបេក្ខជនដែលបានចុះឈ្មោះសរុបជាង ២០០០នាក់ ត្រូវឆ្លងកាត់ការប្រឡងមុខវិជ្ជា ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងច្បាប់មួយចំនួនទៀត រួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាបរទេស និងកុំព្យូទ័រ។ ការប្រឡងប្រជែងមានរយៈពេល១២០នាទី ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៦៖០០នាទី ដោយគណៈកម្មការរៀបចំការប្រឡងបានចេញសេចក្តីជូនដំណឹងអំពីការប្រឡងជូនដល់បេក្ខជនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានបញ្ជាក់ពីនីតិវិធី និងបទប្បញ្ញាត្តិនានា ដើម្បីអនុញ្ញាតឲ្យបេក្ខជនគ្រប់ៗរូបបានត្រៀមខ្លួនក្នុងការចូលរួមប្រឡង។
សូមរំលឹកថា កន្លងមកក្រសួងមុខងារសាធារណៈ បានអនុវត្តយន្តការប្រឡងប្រជែងថ្មី ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ និងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរើសមន្ត្រីរាជការជាគ្រូបង្រៀនអប់រំកាយ និងកីឡាចំនួន១០០នាក់ បានដោយជោគជ័យ។

ក្នុងដំណើរឆ្ពោះទៅមុខ សម្រាប់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រីការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ បានកំណត់កាលបរិច្ឆេទប្រឡងតាមលំដាប់បន្តបន្ទាប់គ្នា៖

*១៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រីការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

*២៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រីការងារក្នុងក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល,

*៣៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រីការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល៕

អត្ថបទដែលជាប់ទាក់ទង