អភិបាលខេត្តតាកែវប្រកាសថ្កោលទោសចំពោះទង្វើដ៏អមនុស្សធម៌ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ក្រោយម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា អត់ច្បាប់ធ្វើឲ្យស្ត្រីម្នាក់បានស្លាប់

តាកែវ៖ បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីឈ្មោះ ណាំ ចន្ទ ដែលរស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវឯកឧត្ដម វុី សំណាង អភិបាលខេត្តតាកែវបានចាត់មន្ទីរសុខាភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធដើម្បីចុះពិនិត្យស្រាវជ្រាវ និងបានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្ដម វុី សំណាង បានឲ្យដឹងថា ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវបានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះសមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ប្តីប្រពន្ធដើម្បីយកមកសួរនាំនិងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ឯកឧត្ដមអភិបាលខេត្តសូមថ្កោលទោសចំពោះទង្វើដ៏អមនុស្សធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹងនិងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ប្រសើរ។

ឯកឧត្ដមអភិបាលខេត្តតាកែវសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព ឃ្លាតឡើយ និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀង៕

អត្ថបទដែលជាប់ទាក់ទង