ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយ សមាជិកនៃសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ សមាជិកនៃសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ដឹកនាំដោយលោកឧកញ៉ា លេង រិទ្ធី ប្រធានសមាគមVCBA។ ក្នុងកិច្ចប្រជុំមានការចូលរួមពីតំណាងក្រុមហ៊ុន ជាសមាជិករបស់សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ចំនួន ១៦ក្រុមហ៊ុន ដែលភាគច្រើនកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ។

ក្នុងជំនួបជាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនទាំងអស់ដែលបានសម្រេចដាក់ទុនវិនិយោគនៅកម្ពុជា ហើយកម្ពុជារំពឹងនឹងទទួលបានការពង្រីកវិនិយោគពីក្រុមហ៊ុននានាដែលមានស្រាប់នៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីកត្តាសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះកម្ពុជាមានច្បាប់វិនិយោគដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូនរួមមាន ផ្លូវល្បឿនលឿន កំពង់ផែ និងបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាមានផែនការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០%ត្រឹមឆ្នាំ២០៣០។ ក្នុងនោះ លោកឧកញ៉ា លេង រិទ្ធី តំណាងឱ្យសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ និងបានចែករំលែកបទពិសោធន៍របស់ខ្លួនលើការវិនិយោគលើវិស័យកសិកម្ម រួមមានវិស័យស្រូវអង្ករ និងកៅស៊ូ។ លោកប្រធាននឹងព្យាយាមចូលរួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់វិនិយោគិននៅវៀតណាមដើម្បីទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាពិសេសវិស័យកសិកម្មនៅកម្ពុជា។

សូមជម្រាបថា សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា (Vietnam-Cambodia Business Association) សរសេរអក្សរកាត់ VCBA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានសមាជិកជាង ១០០ក្រុមហ៊ុន បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកគាំពារវិស័យធុរកិច្ចរវាងវៀតណាម-កម្ពុជា អភិវឌ្ឍន៍លើវិស័យធនធានមនុស្ស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យពាណិជ្ជកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង