តុលាការចោទប្រកាន់៣បទល្មើសករណីប្ដីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែ នៅបុរីពិភពថ្មីគួរស្រូវ កំឡុងឆ្នាំ២០២៣ និងប្រកាសសាលក្រមនៅថ្ងៃទី២២ ខែមីនាខាងមុខ

នៅក្នុងសំណុំរឿងប្ដីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែ នៅបុរីពិភពថ្មីគួរស្រូវអំឡុងឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជម្រះនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ដែលមានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សា និងលោក សាន សុភៈ ជាតំណាងអយ្យការបានបើកការសួរដេញដោលលើជនត្រូវចោទ។

ជនត្រូវចោទឈ្មោះ យ័ន្ត គុយ ហេង អាយុ ៣៨ ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ទី១៖ ឃាតកម្មមានស្ថានទម្ងន់ទោស, ទី២ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ និងទី៣៖ ប្រើប្រាស់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ពេលសវនាការជនត្រូវចោទ យ័ន្ត គុយ ហេង ដែលជាឃាតករបាញ់សម្លាប់ប្រពន្ធទាំងមានកូននៅក្នុងផ្ទៃជាង៤ខែផងនោះ បានបដិសេធមិនឆ្លើយតបនូវសំណួររបស់ចៅក្រមក្រុមប្រឹក្សា និងតំណាងអយ្យការឡើយ ប៉ុន្តែនិយាយថា គេទទួលយកចម្លើយទាំងអស់នៅគ្រប់ដំណាក់កាលដែលខ្លួនបានឆ្លើយនៅនគបាលយុត្តិធម៌ នៅដំណាក់កាលអយ្យការ និងចម្លើយនៅដំណាក់កាលចៅក្រមស៊ើបសួរ។ ដោយឃាតករសម្លាប់ប្រពន្ធ និងកូនក្នុងផ្ទៃរូបនេះ ឆ្លើយខ្លីថា «នាំឲ្យមានវិប្បដិសារី»។

ប្រធានក្រុមប្រឹក្សាជំនុំម្រះ លោក ហម ម៉េងសែ បានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

គួររំលឹកថា កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដោយបុរសជាប្ដីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលមានទម្ងន់៤ខែបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់។ ក្រោយបាញ់ប្រហារ បានចូលខ្លួនមកសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ជនសង្ស័យមានឈ្មោះ យ័ន្ដ គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ KS០៣ បុរីគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីប្រភពដែលស្គាល់ជនរងគ្រោះ ប្តីដែលជាជនដៃដល់ គឺត្រូវជាប្តីក្រោយរបស់ជនរងគ្រោះ ដោយជនរងគ្រោះកាលរៀបការជាមួយប្តីមុន គឺមានកូនចំនួន៤នាក់ ហើយរស់នៅជាមួយប្តីក្រោយមានផ្ទៃពោះក្នុងផ្ទៃចំនួន៤ខែ៕

អត្ថបទដែលជាប់ទាក់ទង