ក្រុមប៉ូលិសស្រុកសង្កែឃាត់ខ្លួនក្រុមក្មេងទំនើងបាន១០នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នា និងយកដុំថ្មគប់គ្នាទៅវិញទៅមក!
កាលពីវេលាម៉ោងប្រមាណ១៧៖៤០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស គឺកាប់គ្នាទៅវិញទៅមក បង្កដោយក្មេងទំនេីងចំនួន០២ក្រុមគឺ បានបង្កការអុកឡុកយកកាំបិតកាប់និងយកដុំថ្មគប់គ្នាទៅវិញទៅមកបណ្តាលឱ្យម៉ូតូចំនួន០១គ្រឿង ម៉ាកGPX ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ខូចខាតទាំងស្រុង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ។
ប្រភពបានបន្តថា បន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកនិងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលស្រុកសង្កែ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វេីការកំណត់មុខសញ្ញាក្មេងទំនេីងចំនួន០២ក្រុមគឺ៖ ១-ក្រុមទី០១ មានគ្នាចំនួន១០នាក់ និង២-ក្រុមទី០២ មានគ្នាចំនួន១៣នាក់។
ប្រភពបានបន្តឲ្យដឹងថា ក្នុងនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនចំនួន១០នាក់យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកហេីយក្រោយពេលសាកសួររួចរាល់ ក្មេងទំនេីងចំនួន១០នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពយកកាំបិតកាបប់និងគប់ដុំថ្មគ្នាទៅវិញទៅមក ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនទៅអនុវត្តតាមនីតិវិធីច្បាប់៕