ចាប់ឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់ រកឃើញម្សៅពណ៌ស៣៥កញ្ចប់ រុំជាប់នឹងដងខ្លួនប្រុងហោះឆ្ពោះទៅប្រទេសជប៉ុន

កម្លាំងមន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិនាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ចំនួន១នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។ នេះបើតាមប្រភពពីក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន។

ប្រភពបន្តថា តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine មានទម្ងន់ ៤ ៩៦៥,៣០ ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភារៈរបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង