សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា និងស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះចំនួន៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ បាយសេដ្ឋកិច្ច និង សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ សេដ្ឋ កិច្ច និងសង្គមឌីជីថល។

នាឳកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា និងស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះ ចំនួន៥ ដូចខាងក្រោម៖

*ទី១-ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែល, ម៉្យាងនាំឱ្យមានការជំរុញ នវានុវត្តន៍ និងបង្កើនផលិតភាព និងម៉្យាងទៀត នាំឱ្យមានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និង ការគំរាមកំហែងសន្តិសុខសាយប័រ ជាដើម ។

*ទី២-ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល» (Open Whole-of-Government Approach) និងការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ ។

*ទី៣-ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថលក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹងនិងបទពិសោធន៍។

*ទី៤-ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញសន្ទុះនៃការ បង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ។

*ទី៥-ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ការឆបោកតាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង