សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស៨៥ភាគរយ នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់កាន់តែខ្លាំង។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថាន។

ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។

សម្តេចធិបតីបានកត់សម្គាល់ថា លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរីដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

សម្តេចបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ១០,០០០នាក់ និងស្ថាប័នសារព័ត៌មានជាង២,០០០អង្គភាព។

សម្តេច ហ៊ុន ម៉ាណែត បានបន្តទៀតថា រយៈពេលជាង៤៥ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានារបស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែកផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា។

គួររំលឹកថា ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល​សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យសារព័ត៌​មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង​រាល់​ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន​៥លើក​មកហើយ៕

 

អត្ថបទដែលជាប់ទាក់ទង