អបអរសាទរ កម្ពុជាបាននាំចេញម្រេចខ្មៅចំនួន៣០តោន ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ៖ ពិតជាមោទកភាពណាស់ ដែលកម្ពុជាបាននាំចេញម្រេចខ្មៅចំនួន៣០តោនជាលើកដំបូងទៅកាន់ទីក្រុង Qingdao ប្រទេសចិន កាលពីថ្ងៃទី១០និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន២កុងតៃន័រ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៦ ខែឧសភានេះ។
ប្រភពបានអះអាងថា ម្រេចគឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ប្រភពក៏បានបញ្ជាក់ទៀតថា ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក៕