ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កំណែសន្លឹកកិច្ចការប្រឡងគ្រូអនុវិទ្យាល័យកាលពីម្សិលមិញប្រើប្រាស់ពេលប្រមាណ១៤ម៉ោង និងមានមន្ត្រីចូលរួមកែប្រមាណ១៤០នាក់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា «ពេលនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងដំណើរការកែសន្លឹកកិច្ចការ។ ហើយម្សិលមិញដំណើរការកែសន្លឹកកិច្ចការចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៩ និង២៥នាទីយប់។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “នេះជាពេលវេលាដែលមិនធ្លាប់មានទេ ហើយសកម្មភាពនេះគឺចេញមកពីឆន្ទៈ បេះដូង របស់មន្ត្រីរាជការ ក្នុងការពន្លឿនឱ្យបានឆាប់បញ្ចប់ការងារនេះ ព្រោះបេក្ខជនកំពុងទន្ទឹងរង់ចាំលទ្ធផល»

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានានៅវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ដំណើរការកែសន្លឹកកិច្ចការសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទី១ ដើម្បីសម្រាំងបេក្ខជន បានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានសន្លឹកកិច្ចការប្រមាណ៣ម៉ឺនច្បាប់។ កំណែសន្លឹកកិច្ចការក្នុងបរិមាណនេះ មានការចូលរួមកែពីសិស្សមន្ត្រីជាន់ខ្ពស់របស់សាលាភូមិន្ទរដ្ឋបាលចំនួន ១៤០នាក់។ តាមការប៉ាន់ស្មាន ការងារកែសន្លឹកកិច្ចការនេះ អាចនឹងឈានដល់ការបញ្ចប់ត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ហើយគណៈកម្មការរៀបចំការប្រឡងប្រជែងនឹងបន្តនីតិវិធីបូកសរុបពិន្ទុ និងយន្តការការងារបន្ថែមទៀត ដើម្បីឆាប់សម្រេចបានលទ្ធផលជូនបេក្ខជន សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រឡងលើកទី២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្នុងអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំ និងការណែនាំជាប្រចាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នោះគឺការជ្រើសរើសមន្ត្រីរាជការ ស៊ីវិលតាមក្រសួង-ស្ថាប័ន ត្រូវអនុវត្តតាមយន្តការតែមួយ គោលការណ៍រួមមួយ និងអនុលោមនិយាមនីតិវិធីប្រតិបត្តិតែមួយ។ យន្តការនេះត្រូវធានាឱ្យបាននូវឱកាសស្មើៗគ្នា ទាំងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ យ៉ាងតិច១ខែ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ជូនបេក្ខជនចុះឈ្មោះចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនេះ មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ក៏មានតួនាទីភារកិច្ចបន្ថែមមួយកម្រិតទៀតក្នុងការផ្សព្វផ្សាយ ក៏ដូចជាសម្របសម្រួលការចុះឈ្មោះជូនបេក្ខជនទូទាំងប្រទេសផងដែរ»

អត្ថបទដែលជាប់ទាក់ទង