ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់រូបដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
កណ្ដាល៖ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅទីស្នាក់ការគណបក្សខេត្ត (គ.១១) ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់រូប, ជាអង្គបោះឆ្នោត, ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា, ពិសេស បានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស ធ្វើជាប្រធានព្រឹទ្ធសភាផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, និង ស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ។ មិនតែប៉ុណ្ណោះ, កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីឡើងវិញបានកសាងនូវមូលដ្ឋានគ្រឹះរឹងមាំនៃសេដ្ឋកិច្ចជាតិ សម្រាប់ការអភិវឌ្ឍនិងបានលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទូទាំងប្រទេស តាមរយៈ៖ ១៖ ការពង្រីកនិង ការបង្កើន ជាបន្តបន្ទាប់ នូវពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម, រួមទាំងការធ្វើពិពិធកម្ម ទីផ្សារ និង ទំនិញ, ព្រមទាំងការពង្រឹង និង ការពង្រីកការធ្វើសមា-ហរណកម្មសេដ្ឋកិច្ច និង ការជំរុញបន្ថែមនូវការតភ្ជាប់ ក្នុងតំបន់; ២៖ ការជំរុញ និង ការទាក់ទាញបន្ថែម នូវការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការកែលម្អនូវបរិយាកាស ធុរកិច្ច និង ការវិនិយោគ; ៣៖ ការពង្រឹង និង ការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់, ស្ពាន, ប្រឡាយទឹក និង បណ្តាញអគ្គិសនី។ល។ ដើម្បីលើកកម្ពស់ ការ-តភ្ជាប់ និងភាពប្រកួតប្រជែង; ៤៖ ការបន្តអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និង បង្កើនផលិតភាព; និង៥៖ ការកែទម្រង់ស្ថាប័ន និង ការពង្រឹងអភិបាលកិច្ច ជាប់ជាប្រចាំ ដើម្បីធានានូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។លើមូលដ្ឋាននេះ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់, និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស, ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល, ប៉ុន្តែអនុវត្តតាមបរិការណ៍ក្នុងប្រទេស», រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាន និង កំពុងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា, និងជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលផុសឡើង, ក្នុងបរិការណ៍នៃការផ្លាស់ប្តូរ យ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ច តំបន់ និងសកល។ ក្នុងគោលដៅនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាពដោយកំណត់យកនូវឤទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ក្នុងរយៈពេលជាង៨ខែនៃការចាប់ផ្តើមអាណត្តិការងាររបស់ខ្លួន, រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី, កម្ពុជាសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាច្រើននៅតាមគ្រប់វិស័យ នៃជីវភាពសង្គមជាអាទិ៍៖ ទី១៖ ការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, និងសណ្តាប់ធ្នាប់សាធារណៈ; ទី២៖ ការធានាបានល្អនូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព និង ភាពអនុគ្រោះ សម្រាប់សកម្មភាពអាជីវកម្ម និង ការរស់នៅរបស់ប្រជាជន; ទី៣៖ ការទាក់ទាញការវិនិយោគ និង ការជំរុញលើកកម្ពស់ សកម្មភាពធុរកិច្ចក្នុងប្រទេស; ទី៤៖ ការបន្តផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការអភិវឌ្ឍមូលធនមនុស្ស ដែលជា អាទិភាពគន្លឹះទី១ នៃ យុទ្ធសាស្ត្របញ្ចកោណ; ទី៥៖ ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ រួមបញ្ចូលនូវ ផ្លូវ, ទឹក, ភ្លើង, និង ប្រព័ន្ធឌីជីថល, ក្នុងនេះ បញ្ចូលទាំងការប្តេជ្ញាចិត្តឥតរាថយ ក្នុងការសាងសង់ «ព្រែកជីក ហ្វូណន-តេជោ» ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក, ដែលបច្ចុប្បន្ន, គម្រោងជាប្រវត្តិសាស្រ្តនេះ បានទទួលការគាំទ្រពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និង បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាមួយ; និង ទី៦៖ ការកែទម្រង់អភិបាលកិច្ច និង ស្ថាប័ន សំដៅលើក-កម្ពស់គុណភាព និង ប្រសិទ្ធភាពនៃសេវាសាធារណៈ ។លើមូលដ្ឋាននៃកិច្ចប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយភាពបុរេសកម្មទាំងអស់នេះ, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ កន្លងទៅ ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ក្នុងអត្រាប្រមាណ៥%, ហើយសម្រាប់ឆ្នាំ ២០២៤ នេះ, ត្រូវបានព្យាករណ៍ថា នឹងបន្តស្ទុះឡើង ក្នុងអត្រាកំណើនប្រមាណ ៦% ដោយសារការត្រលប់ទៅរកភាពល្អឡើងវិញនៃ សេដ្ឋកិច្ចសកល, ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាស្ថិរភាព និងនិន្នាការល្អ គួបផ្សំជាមួយនឹងការខិតខំយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយ និង យុទ្ធសាស្រ្តនានារបស់ខ្លួន, ពិសេស ការស្តារវិស័យចន្ទល់កំណើនដែលមានស្រាប់, ក៏ដូចជា ការលើកកម្ពស់វិស័យសក្តានុពលថ្មីមួយចំនួនទៀត, រួមទាំងការវិនិយោគលើសហគ្រាសធុនមីក្រូ, តូច, និង មធ្យម, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នបានក្រើនរំលឹក និង ស្នើសុំឱ្យថ្នាក់-ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់, គណបក្សក៏ដូចជារដ្ឋបាល ខេត្ត, ក្រុង-ស្រុក និង ឃុំ-ង្កាត់ បន្តសហការជិតស្និទ្ធ ជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការងារជាអាទិភាពមួយចំនួន ដូចខាងក្រោម៖ ១៖ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនសកម្មភាពចុះបំពេញការងារ នៅតាម មូលដ្ឋានរៀងៗខ្លួន ជាប់ជាប្រចាំ ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង-ស្រុក ឆ្នាំ២០២៤ កាន់តែខិតជិតមកដល់ ដោយមិនត្រូវធ្វេសប្រហែសឡើយ ។ ចាប់ពីពេលនេះទៅ, យើងទាំងអស់គ្នា ត្រូវបន្តយកកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងចូលរួមបរិច្ចាគធនធាន និងថវិកាដើម្បីគាំទ្រដល់សកម្មភាពចាំបាច់នានា និងដើម្បីចិញ្ចឹមចលនានៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ និង កាន់តែសកម្ម។ រាល់សកម្មភាពដែលយើងធ្វើចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោតត្រូវផ្តោតលើការធានាឱ្យបាននូវជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀតជូនគណបក្សប្រជាជនកម្ពុជាយើង, ពោលគឺយើងត្រូវបន្តអនុវត្តនូវគ្រប់តួនាទី និងភារកិច្ច, ផែនការសកម្មភាព និង ការងារ ជាអាទិភាពទាំងឡាយដែលត្រូវបានដាក់ចេញរួចហើយ ត្រូវរក្សាឱ្យបានគត់មត់ នូវសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវគោរពតាមច្បាប់, បទបញ្ជា, នីតិវិធី និងគោលការណ៍ណែនាំទាំងឡាយសំដៅដណ្តើមប្រៀបឈ្នះ ជូនគណបក្សប្រជាជនកម្ពុជាយើង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង-ស្រុក ឆ្នាំ២០២៤ តាមការគ្រោងទុក។ ២៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្រុកទាំងអស់ទូទាំងខេត្ត ត្រូវសហការជិតស្និទ្ធជាមួយប្រធានគណបក្សក្រុងស្រុក បន្តចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ និង ពិនិត្យលទ្ធភាពផ្តល់នូវការ-ឧបត្ថម្ភលើកទឹកចិត្ត ដល់សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមក្រុង-ស្រុករៀងៗខ្លួន ឱ្យបានចប់សព្វគ្រប់នៅមុនយុទ្ធនាការឃោសនាបោះឆ្នោត ព្រមទាំង ចូលរួមជួបជាមួយអង្គបោះឆ្នោតនៅតាមក្រុង-ស្រុកនីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ខាងមុខ។ ៣៖ ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់, ទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន និង គណៈកម្មាធិការបក្សខេត្ត, ក្រុង-ស្រុក, និង ឃុំ-សង្កាត់, ត្រូវសហការជិតស្និទ្ធ និងយកចិត្តទុកដាក់រៀបចំពិធីឃោសនាបង្ហាញមុខបេក្ខជនឈរឈ្មោះបោះឆ្នោត, ជាពិសេស ពិធីបើកយុទ្ធនាការ និងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ឱ្យបានឱឡារិកប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ស្របតាមគោលការណ៍ដែលខ្ញុំបានផ្តល់ជូនរួចហើយ។ ៤៖ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់, ទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន និង គណៈកម្មាធិការបក្សខេត្ត, ក្រុង-ស្រុក, និង ឃុំ-សង្កាត់, ត្រូវបន្តសហការជិតស្និទ្ធ ដើម្បី ចូលរួមអនុវត្តសេចក្តីសម្រេចលេខ១៩១ សសរ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរៀងៗខ្លួន, ចាប់ពីពេលនេះតទៅ រហូតដល់ពេលឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត, សំដៅសម្រេចឱ្យបាននូវលទ្ធផល តាមការគ្រោងទុករបស់គណបក្ស, ពោលគឺត្រូវខិតខំរក្សាសំលេងគាំទ្រគណបក្ស យ៉ាងហោចណាស់ឱ្យបានគ្រប់តាមចំនួនសមាជិកបក្សដែលជាអង្គបោះឆ្នោត ឬបានលើសដូចលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ជាពិសេស ត្រូវរក្សាឱ្យបានដាច់ខាតនូវតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុងស្រុក ទាំងអស់ទូទាំងខេត្តកណ្តាលនៃយើង។ ៥៖ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ, សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់, ជាអង្គបោះឆ្នោតគ្រប់រូបរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាល, ទាំង៧២៧រូប ដែលមានវត្តមាននៅទីនេះ, ត្រូវទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា។ ក្នុងទិសដៅនេះ, គណៈកម្មាធិការបក្សក្រុង-ស្រុក និង ឃុំ-សង្កាត់ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ គ្រប់គ្រងសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរៀងៗខ្លួន, ខិតខំដោះស្រាយរាល់សំណូមពរចាំបាច់នានា, ធ្វើបច្ចុប្បន្នភាពសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សយើង, ជាពិសេស យកចិត្តទុកដាក់ចំពោះសុខភាពរបស់អង្គបោះឆ្នោតដែលមានវ័យជរា។ និង៦៖ រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ, ជាពិសេស នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង-ស្រុក អាណត្តិទី ៤ នាពេលដ៏ខ្លីខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព តាមការគ្រោងទុក។ ទន្ទឹមនេះ, ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត៕