Breaking៖ ខ្មាន់កាំភ្លើងម្នាក់ និងអ្នកគាំទ្រម្នាក់បានស្លាប់ ក្នុងហេតុការណ៍ឆ្មក់បាញ់ប្រហារអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
សហរដ្ឋអាមេរិក៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅឯពិធីជួបជុំអ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងហ្វូងមនុស្ស និងបានបង្ករបួសដល់បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះផងដែរ មុនពេលលោក បានក្ដាប់ដៃជាសញ្ញាឡើង និងបានជម្លៀសចេញពីកន្លែងកើតហេតុ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយលើបណ្ដាញសង្គម Truth Social លោក Donald Trump ប្រកាសថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហាររូបលោកបានស្លាប់បាត់បង់ជីវិតហើយ ខណៈលោកបានរងរបួសដោយគ្រាប់កាំភ្លើងត្រូវចំសៀតផ្កាខាងស្ដាំ។ សូមបញ្ជាក់ថា នៅពេលដែលហេតុការណ៍បាញ់ប្រហារបានផ្ទុះឡើង គេឃើញលោក Trump បានយកដៃស្ដាំខ្ទប់ត្រចៀករបស់លោក មុនពេលទម្លាក់ខ្លួនក្រាបចុះពីក្រោយវេទិកាសម្រាប់ថ្លែងសារទៅកាន់អ្នកគាំទ្រ។ ភ្លាមៗមិនដល់់មួយនាទីផង ភ្នាក់ងារសម្ងាត់អាមេរិក (Secret Service agents) បានជម្លៀសលោកចូលទៅក្នុងរថយន្តដែលបានត្រៀមរៀបចំជាស្រេច។
ភ្នាក់ងារសម្ងាត់អាមេរិក និងក្រុមការងាររបស់អតីតប្រធានាធិបតីរូបនេះបញ្ជាក់ថា លោក Donald Trump គឺមានសុវត្ថិភាព គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ក្រោយហេតុការណ៍បាញ់ប្រហារនៅរដ្ឋ Pennsylvania នេះ។ បើតាមសារព័ត៌មាន Washington Post ឱ្យដឹងថា ក្នុងហេតុការណ៍នេះក៏មានអ្នកគាំទ្រម្នាក់ស្លាប់ និងម្នាក់ទៀតស្ថិត ក្នុង ស្ថានភាព របួសធ្ងន់ធ្ងរ។ យ៉ាងណាមិញ មូលហេតុ និងអត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈមេដឹកនាំគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានចេញមកថ្កោលទោសយ៉ាងរហ័សចំពោះអំពើហិង្សាដែលបានកើតឡើងនេះ។
សូមរំឮកផងដែរថា ការបាញ់ប្រហារនេះបានកើតឡើងមុនពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសល់ពេលមិនដល់ ៤ខែផង ខណៈលោក Donald Trump នឹងជាបេក្ខភាពប្រធានាធិបតីប្រជែងនឹងលោក Joe Biden សាជាថ្មីក្នុងការបោះឆ្នោតនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Trump នៅលើបណ្ដាញសង្គម Truth Social លោកបានថ្លែងអំណរគុណដល់ភ្នាក់ងារសម្ងាត់អាមេរិក (Secret Service agents) និងការអនុវត្តច្បាប់ភ្លាមៗក្នុងហេតុការណ៍នេះ។ លោកក៏ បាន ចូលរួម រំលែក ទុក្ខ ដល់ អ្នកគាំទ្រដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះផងដែរ។ ដោយឡែក លោកប្រធានាធិបតី Joe Biden បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “មិនមានកន្លែងណាមួយសាកសមសម្រាប់អំពើហិង្សាបែបនេះឡើយនៅក្នុងសហរដ្ឋអាមេរិក ដោយយើងត្រូវរួបរួមគ្នាក្នុងនាមជាប្រជាជាតិតែមួយ ដើម្បីថ្កោលទោសលើហេតុការណ៍បាញ់ប្រហារនេះ”៕