មេគុកកម្ពុជា ឈន សាណាត ណែនាំប្រធានមណ្ឌលអប់រំកែប្រែទី១ថ្មីត្រូវមានវិធានការម៉ឺងម៉ាត់ដាច់ខាតចំពោះមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធនឹងសកម្មភាពល្មើស
ភ្នំពេញ៖ ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានណែនាំដល់លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺធ្វើការបោសសម្អាតភាពអសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតចំពោះមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធនឹងសកម្មភាពល្មើស។
ការណែនាំរបស់ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមណ្ឌលអប់រំកែប្រែទី១ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រះរាជអាជ្ញា លោកអធិការខណ្ឌដង្កោ ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តមអគ្គនាយកបានផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះព័ត៌មានដែលបានចុះផ្សាយតាមបណ្តាញព័ត៌មានសង្គម ត្រូវសហការស្រាវជ្រាវ រកឬសគល់ នៃបញ្ហាធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន និងមានចំណាត់ការឱ្យបានម៉ឺងម៉ាត់បំផុត។
ឯកឧត្ដមក៏បានណែនាំឲ្យពង្រឹងការគ្រប់គ្រងមន្ត្រី ការអនុវត្តមុខងារតួនាទីភារកិច្ច ត្រូវមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន រក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារនិងបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ប្រសិទ្ធភាពត្រួតពិនិត្យ ឆែកឆេរ ស៊ើបអង្កេត ស្រាវជ្រាវបង្ការទប់ស្កាត់ការប៉ុនប៉ងលួចលាក់រក្សាទុក ឬនាំសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ។
ឯគឧត្ដមមេគុកកម្ពុជារូបនេះណែនាំឲ្យពង្រឹងការគោរពអនុវត្តន៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាននានា ដែលបម្រើដល់ការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ។
ឯកឧត្តមឧត្តមអគ្គានុរក្ស.១បានបន្តណែនាំដល់ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលនឹងជិតដល់ពេលត្រូវចូលនិវត្តន៍ ឬស្ថិត ក្នុងអន្តរកាល នៃការផ្លាស់ប្តូរភារកិច្ច មិនត្រូវមានភាពអសកម្ម ឬបណ្តែតបណ្តោយ ឬធ្វេសប្រហែសក្នុងការងារដឹកនាំគ្រប់គ្រងអង្គភាពឡើយ។
ឯកឧត្តម ឈន សាណាត ក៏បានណែនាំឲ្យលោក លោកស្រី អគ្គនាយករងត្រូវបន្តពង្រឹងការងារតាមការបែងចែកភារកិច្ច និងការទទួលខុសត្រូវ និងចុះត្រួតពិនិត្យ ពង្រឹងការងារតាមគោលដៅដែលបានប្រគល់ជូន។
បើតាមលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ថ្មី បានធ្វើការប្ដេជ្ញាចិត្តក្នុងការពង្រឹងមណ្ឌលអប់រំកែប្រែទីមួយជាមណ្ឌលកែប្រែពិតប្រាកដមួយនិងលើកកម្ពស់ក្នុងការគ្រប់គ្រងដឹកនាំការងារប្រចាំថ្ងៃទាំងវិន័យនិងក្រមសីលធម៌របស់មន្ត្រីឲ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង ត្រូវបានបន្ថែមមុខតំណែងជាប្រធានមណ្ឌលអប់រំកែប្រែទី១៕