Breaking News: មេប៉ូលិសមហាផ្ទៃដកហូតតំណែងលោកវរសេនីយ៍ទោ ស៊ូ ចាយ ពីអធិការនគរបាលស្រុកដំណាក់ចង្អើរឱ្យមកជាមន្ត្រី
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កាលពីថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗននេះ បានចេញប្រកាសដកហូតមុខតំណែង លោកវរសេនីយ៍ទោ ស៊ូ ចាយ ពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ នេះបើតាមប្រកាសស្ដីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
នៅក្នុងសេចក្ដីប្រកាសលេខ៧៣៨២ ប្រ.ក របស់ក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចថា ប្រការ១៖ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរូបភាព ដកហូតមុខតំណែង ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ប្រការ២៖បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៣៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិងគណៈ អភិបាលខេត្តកែប ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕