ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន!
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវរបស់ឯកឧត្ដមបានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តឲ្យដឹងទៀតថា សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។
(១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco0
(៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
(៤)សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf
សូមបេក្ខជនត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងប្រជែង ហើយសូមជូនពរប្អូនៗ និងបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសម្រេចតាមក្តីប្រាថ្នារៀងៗខ្លួន។
សូមតាមដានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ លើគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងសូមជៀសវាងឱ្យឆ្ងាយពីជនទុច្ចរិតដែលអះអាង ធានា ឬក្លែងបន្លំបោកប្រាស់គ្រប់រូបភាពទាំងអស់៕