ឯកឧត្តម ប៊ុន ផេង លើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន
កណ្តាល៖ ឯកឧត្តម ប៊ុន ផេង បានគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការថ្លែងរបស់ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាលនៅថ្ងៃក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី១ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងបរិវេណវត្តយសមេត្រី ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាលដោយមានការចូលរួមពីឯកឧត្តម ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តម ឈឹម កន បានលើកឡើងថា វត្តមានអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ដែលអាចលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានរបស់ខេត្តយើង ឱ្យកាន់តែប្រសើរឡើង ព្រោះយើងទាំងអស់គ្នាចង់បាននូវការថែរក្សាការពារ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ចាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍខេត្តសំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
គួរបញ្ជាក់ថា ក្នុងវេទិកានេះ បានទទួលក្រដាស/លិខិតចំនួន៤៥ ស្មើនឹង៥៦ សំណើ/សំណូមពរ និងផ្ទាល់មាត់ចំនួន០៦ ស្មើនឹង០៨ សំណើ/សំណូមពរ សរុបសំណើរសំណូមពរចំនួន ៦៤ ក្នុងនោះរួមមានផ្នែករដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់ សរុបចំនួន០៣ ផ្នែកសេដ្ឋកិច្ច សរុបចំនួន៤៨ ផ្នែកសង្គមកិច្ច សរុបចំនួន ០៤ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន០៩ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្តកណ្ដាល អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក និងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ៕