ក្រុមប៉ូលិសខេត្តកណ្ដាលឃាត់ខ្លួនជនល្មើស២នាក់ ក្រោយចាក់អតីតសង្សាររបស់ខ្លួនឲ្យរងរបួស ព្រោះតែមិនទាន់អស់ចិត្ត ឃើញនាងមានសង្សារថ្មី!
(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្រោយទទួលពា្យបណ្តឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ អំពីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកយុត្តិធម៍ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងតាខ្មៅ បានកំណត់មុខសញ្ញាភិនភាគក្រុមជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនបានយុវជន២នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមចម្លើយសារភាពរបស់ជនល្មើសថា ខ្លួនពិតជាបានប្រចណ្ឌ័ជនរងគ្រោះដែលត្រូវជាសង្សាររបស់ខ្លួនដែលមានសង្សារថ្មី ហើយបានយកកូនកាំបិតទៅជាមួយបក្សពួកគោលបំណងទៅចាក់សង្សារថ្មីរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់មកជួយទើបចាក់ជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាមតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕