សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត បានចំណាយពេលជាងមួយម៉ោង​ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លេី​វិស័យ​ផលិត​ជី​សរីរាង្គនិងពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​ជាមួយឯកឧត្ដម ម៉ុង ឬទ្ធី

ភ្នំពេញ៖ នាវេលាម៉ោង​៨ព្រឹក​​ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ សម្តេច​មហាបវរធិបតី​ បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត​ ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លេី​វិស័យ​ផលិត​ជី​សរីរាង្គ ​(ជីធម្មជាតិ)​ ដេីម្បី​លក់ចែកជូន​ប្រជាកសិករ​យេីង​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជំរុញពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ម៉ុង  ឬទ្ធី សមាជិក​ព្រឹទ្ធ​សភា​របស់គណបក្សប្រជាជនកម្ពុជា​ និងជា​ស្ថាបនិក​នៃក្រុម​ហ៊ុន Mong Rithy Group Ltd នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្ដមបណ្ឌិត ម៉ុង  ឬទ្ធី បានបញ្ជាក់ឲ្យដឹងថា ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ឯកឧត្ដម​សូម​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​។

ឯកឧត្ដមបណ្ឌិតសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដែលសម្តេច​បាន​ផ្តល់​កិត្តិយស​ដល់រូបលោក​នា​ឱកាស​នេះ​។

ឯកឧត្ដម​ស្ថាបនិក​នៃក្រុម​ហ៊ុន Mong Rithy Group Ltd បានបញ្ជាក់ទៀតថា ឯកឧត្ដម​​នឹងខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដេីម្បី​អនុវត្តអោយបានតាម​អនុសាសន៍​របស់​សម្តេច​ ដេីម្បី​បាន​ចូលរួម​ចំណែក​បម្រេីជាតិ​ប្រជាជន​ លេីវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ​។

នៅលើទំព័រហ្វេសប៊ុក សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត បានអរគុណឯកឧត្ដមបណ្ឌិត ម៉ុង  ឬទ្ធី សមាជិក​ព្រឹទ្ធ​សភា​របស់គណបក្សប្រជាជនកម្ពុជា​ និងជា​ស្ថាបនិក​នៃក្រុម​ហ៊ុន Mong Rithy Group Ltd ដែលបានចែករំលែកបទពិសោធន៍ និងស្ម័គ្រចិត្តចូលរួមរកដំណោះស្រាយជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់វិស័យកសិកម្ម និងកសិករយើង៕

 

អត្ថបទដែលជាប់ទាក់ទង