បទល្មើសព្រហ្មទណ្ឌនៅខេត្តកំពង់ធំមានការថយចុះ ជាហេតុធ្វើឲ្យលោកស្នងការ ហេង សុផល កោតសរសើរមន្ត្រីនគរបាលជំនាញក្រោមឱវាទ

កំពង់ធំ៖ លោកស្នងការ ហេង សុផល បានកោតសរសើរដល់មន្ត្រីនគរបាលជំនាញក្រោមឱវាទដែលបានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរធ្វើឲ្យបទល្មើសព្រហ្មទណ្ឌថយចុះគួរឲ្យកត់សម្គាល់។

ការកោតសរសើររបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅសម្រាប់ខែធ្នូនៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោស្នងការបានថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យលើភារកិច្ចដែលបានអនុវត្តរយៈពេលកន្លងមក និងដើម្បីដកបទពិសោធន៍សម្រាប់អនុវត្តបន្តឈានទៅសម្រេចបានជោគជ័យបន្ថែមទៀត។

លោកស្នងការបានដាក់ដាក់ចេញនូវទិសដៅដល់ថ្នាក់ដឹកនាំតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក៖

១៖ ពង្រឹងការគ្រប់គ្រងបទបញ្ជា ការប្រមូលផ្តុំកងកម្លាំងក្រោមឱវាទត្រៀមលក្ខណៈរួចជាស្រេច រង់ចាំអនុវត្តគោលការណ៍ បទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

២៖ ពង្រឹងរបៀបរបបការងារជំនាញ ជាពិសេសការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សូមមន្ត្រីជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ការងារគ្រប់គ្រងបំរែបំរួលប្រជាពលរដ្ឋ (ចំណូល និងចំណាកស្រុក) ដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

៣៖ ការងារព្រហ្មទ័ណ្ឌប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានាថែរក្សាបាន សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

៤៖ បង្កើនការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឲ្យមានលទ្ធផលល្អប្រសើរ។

៥៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម ដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀនឲ្យមានការថយចុះ ជាបន្តបន្ទាប់ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកផ្កាយ២ ហេង សុផល ក៏បានលើកឡើងអំពីស្នាដៃគុណសម្បត្តិ នារយៈពេលកន្លងមកដែលកងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួមសម្រេចបានលទ្ធផលគួរជាទីមោទនៈ លើការបំពេញភារកិច្ច បេសកកម្ម និងការកសាងអង្គភាពរីកចម្រើនជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង