អភិសន្តិបណ្ឌិត ស សុខា៖ ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលប្អូនស្រី!
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកតាមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូន បានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន។
ឯកឧត្ដមអភិសន្តិបណ្ឌិតបានបន្តថា ទីបំផុត នៅ១ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ តាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកាចំនួន ២លានរៀលដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត។
ឯកឧត្ដមបន្ថែមថា ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថកិច្ចចិន ហើយក៏សូមអរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ សូមអរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ។
ឯកឧត្ដមអភិសន្តិបណ្ឌិតរដ្ឋមន្ត្រីសូមជូនពរប្អូនស្រី មានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិឋានវិញ និងសម្រេចបានជោគជ័យក្នុងកិច្ចការងារផ្សេងៗ កុំបីខាន៕