លោកអធិការ យី វណ្ណដា ណែនាំឲ្យផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលទាំង១០ប៉ុស្តិ៍ត្រូវពង្រឹងការងារសណ្តាប់ធ្នាប់
កណ្ដាល៖ លោកអធិការក្រុងតាខ្មៅបានណែនាំឲ្យផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលទាំង១០ប៉ុស្តិ៍ត្រូវពង្រឹងការងារសណ្តាប់ធ្នាប់ និងបន្តរផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន សិស្សតាមគ្រឹះស្ថានអប់រំ និង អ្នកដំណើរឲ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ឲ្យនៅកម្រិតទាប ជាពិសេសអនុវត្តអោយមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ការណែនាំរបស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
លោកអធិការបានកោតសសើរដល់លោក លោកស្រី កងកម្លាំង ទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញ តួនាទី ភារកិច្ច រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
លោកវរសេនីយ៍ឯក យី វណ្ណដា ក៏បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ត្រូវបន្តពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ, បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕