អ្នកមានប្រាក់អាចសង់ខ្សុះ ចាក់បេតុង និងធ្វើរបងរឹងមាំលើមាត់ទន្លេបានយ៉ាងស្រួល ខណៈដែលអាជ្ញាធរស្រុកល្វាឯមមិនហ៊ានមាត់ក

(កណ្ដាល)៖ អ្នកធ្វើដំណើរតាមកំពុងចម្លងក្តារបន្ទះ-ថ្មគរ (ផ្លូវត្រី) បើក្រឡេកមើលទៅខាងទឹកដីនៃរដ្ឋបាលស្រុកល្វាឯម នឹកឃើញសំណង់ខ្សុះ បេតុង របងថ្មរឹងមាំសង់នៅមាត់ទន្លេយ៉ាងស្រស់សង្ហាដែលមិនដឹងថា តើស្របច្បាប់ ឬមិនស្របច្បាប់នោះទេ? យ៉ាងណាក៏ដោយមជ្ឈដ្ឋានទូទៅយល់ថា សំណង់នោះយ៉ាងណា ក៏មិនមានច្បាប់ទម្លាប់អ្វីដែរ? រីឯអាជ្ញាធរស្រុកល្វាឯមក៏ចាត់ទុកថា ជារឿងធម្មតាបើទោះបីវាជាគំរូអាក្រក់ សម្រាប់អ្នកដទៃទៀតយកទៅធ្វើតាមក៏ដោយ។

ប្រភពព័ត៌មានបានរាយការណ៍ថា ម្ចាស់ដីដែលមានលំនៅឋាន នៅរាជធានីភ្នំពេញដែលតែងតែទៅលេងនៅរដូវបុណ្យទានម្ដងម្កាល ហើយគេធ្វើខ្សុះសម្រាប់កម្សាន្តលំហែពេលមកសម្រាកកាយ។ វាជាទិដ្ឋភាពដែលទាក់ ទាញបានការចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរឆ្លងកំពុងចម្លងខាងលើនេះ ពីព្រោះវាជាបានបង្ហាញអំពីភាពស្ដុកស្ដម្ភ និងសំណង់រំលោភបំពានច្បាប់ទាំងស្រុង។ បើតាមអ្នកភូមិប្រាប់ថា សំណង់ខាងលើនោះ បានស្ថាបនាជាយូរណាស់មកហើយ រួមមានការចាក់បេតុងជម្រាលតាមមាត់ទន្លេមេគង្គ និងការធ្វើខ្សុះសម្រាប់អង្គុយលំហែនោះជាដើម។ វាបានបង្ហាញនូវភាពអស្ចារ្យលើដងទន្លេ។

មជ្ឃដ្ឋានប្រជាពលរដ្ឋនិយាយថា បើទោះបី ជាវាមិនប្រឈមនឹងហានិភ័យធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏បង្ហាញឲ្យឃើញថា ច្បាប់មិនត្រូវបានគោរពនោះទេ។ ការសាងសង់សំណង់រឹងមាំនៅមាត់ទន្លេយ៉ាងដូច្នេះគឺជាការបំពានច្បាប់ទាំងស្រុង ដែលប្រការនេះ អាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចជំនាញ មានសិទ្ធិវាយកម្ទេចសំណង់នោះចោល។ អ្នកភូមិខ្សឹបខ្សៀវថា គេមិនដែលឃើញអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកល្វាឯមចុះទៅសួរនាំម្ចាស់សំណង់ដែលបំពានទន្លេនោះទេ។ យ៉ាងដូច្នេះ ធ្វើឲ្យគេយល់ថា នៅទីកន្លែងផ្សេងទៀត បញ្ហាសំណង់អាណាធិបតេយ្យ ការរំលោភបំពានទីសាធារណៈ ទន្លេជាដើមនោះក៏នឹងកើតមានឡើងដែរ។

អ្នកភូមិនិយាយថា រយៈពេលនៃការចូលកាន់អំណាចនេះ លោកលីវ វណ្ណថេង អភិបាលស្រុកល្វាឯមមិនទាន់មានឃើញ បញ្ចេញស្នាដៃអ្វីជាដុំកំភួននោះនៅឡើយទេ។ ជាងនេះទៅទៀតបញ្ហាសំណង់មិនរៀបរយ បែបអនាធិបតេយ្យក៏កំពុងកើតឡើងយ៉ាងព្រោងព្រាតនៅក្នុងមូលដ្ឋានស្រុកល្វាឯមទាំងមូល។ គេមិនដឹងថា តើលោកអភិបាលស្រុកបានដឹងអំពីបញ្ហាប្រឈមទាំងនោះដែរឬយ៉ាងណានោះទេ។ បញ្ហាប្រឈម ដែលកំពុងតែកើតឡើងគួរតែត្រូវបានដោះស្រាយតាំងពីដើមទី ដើម្បីកុំឲ្យវាអូសបន្លាយយូរ និងនាំឲ្យលំបាកដោះស្រាយនៅពេលថ្ងៃក្រោយ។

ប្រជាពលរដ្ឋនៅក្នុងស្រុកល្វាឯមបានសំដែងការសាទរកោតសរសើរអតីតអភិបាលស្រុកលោក កន សុខកាយ ដែលបានធ្វើឲ្យស្រុកល្វាឯមមានការអភិវឌ្ឍយ៉ាងខ្លាំង។ជាងនេះទៅទៀតបញ្ហាសំណង់ មិនរៀបរយគ្មានសណ្ដាប់ធ្នាប់ក៏ត្រូវបានកាត់បន្ថយជាអតិបរមា។ រីឯបញ្ហាផ្លូវក្នុងសហគមន៍ក៏ត្រូវបានធ្វើជាច្រើនខ្សែគួរឲ្យកត់សម្គាល់។ សម្រាប់លោក លីវ វណ្ណថេង រយៈពេលបីបួនខែមកនេះ មិនទាន់មានអ្វីប្លែកគួរឲ្យចាប់អារម្មណ៍និងកត់សម្គាល់នៅឡើយទេ។

បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ ត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖

*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)

*ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ

*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង

*ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក

*អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ

*ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ

*ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ

*ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ

*អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក

*បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក

*ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង