តើជាការពិតទេដែលថា មន្ទីរដែនដីខេត្តតាកែវបានចេញប្លង់រឹងឲ្យដីដែលកំពុងមានទំនាស់ក្តីក្តាំនៅតុលាការ?

(តាកែវ)៖ តើជាការពិតដែរឬទេដែលថា មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តតាកែវចេញប្លង់រឹងឲ្យទៅភាគីម្ខាងនៅលើដីដែលកំពុងតែមានទំនាស់ក្ដីក្ដាំងគ្នានៅតុលាការខេត្តតាកែវ?

ប្រភពបានឲ្យដឹងថា ករណីទំនាស់ដីធ្លី១កន្លែងនៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងក្តីក្តាំគ្នានៅឯសាលាដំបូងខេត្តតាកែវ ស្រាប់តែ មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តតាកែវចេញប្លង់រឹងឲ្យទៅភាគីម្ខាងដែលប្រការនេះគឺខុសទាំងស្រុងទៅនឹងច្បាប់។ មន្ត្រីរាជការនានានៅខេត្តតាកែវបាននិយាយថា អ្វីដែលមន្ទីរដែនដីខេត្តតាកែវបានធ្វើនេះ គឺខុសនឹងច្បាប់ទាំងស្រុងប្រការនេះគួរតែលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរបនីយកម្ម និងសំណង់ពិនិត្យករណីលោក នួន សុធា ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តតាកែវនោះផង។

គួរជម្រាបថា តាំងពីអំឡុងឆ្នាំ១៩៩០ ដីដែលមានទំហំ ១១៩៣៦ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានព្រំប្រទល់ខាងលិចទល់នឹង សុក នៅ, អូរ ខាងកើតទល់នឹង ឌុក ផាត, ផ្លូវ ខាងជើងទល់នឹង សំ សុង, មាឃ នួន, វ៉ែន ភាព (វ៉ែន អ៊ុក គឺជាឈ្មោះខុស) ខាងត្បូងទល់នឹង សំ សុង, សុក នៅ។ ដីនេះជាដីដែលលោក អ៊ុក អាង អតីតមេភូមិបឹងសាទង បានប្រគល់ជូនឱ្យឈ្មោះ ឈឹម សិន, ឈ្មោះ ឈឹម សយ, ឈ្មោះ ឈឹម សឿន និងឈ្មោះ សឹម សែប ដោយបែងចែកជា៤ចំណែកស្មើៗគ្នា។

ដីកសិកម្មខាងលើនេះ ម្ចាស់កម្មសិទ្ធិទាំង៤នាក់បានដាំដំណាំកសិកម្មជារៀងរាល់ឆ្នាំ ប៉ុន្តែក្រោយពេលដែលឈ្មោះ ឈឹម សិន ទទួលមរណៈភាពនៅឆ្នាំ២០១៨ទៅ។ ឈ្មោះ ខាន់ សាវ ដែលត្រូវជាទាយាទរបស់ឈ្មោះ ឈឹម សិន បានមកហ៊ុំព័ទ្ធរបង ទន្ទ្រានយកដីខាងលើនេះធ្វើជាកម្មសិទ្ធិ តែម្នាក់ឯង ដោយអះអាងថាដី ខាងលើនេះជាដីចំណែកម្តាយខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ ខាន់ សាវ ថែមទាំងបានធ្វើគំនូសបង្ហាញទីតាំងដីលេខ៣៥៩/២០ ប.ជ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោកមេឃុំអូរសារាយ ដោយគ្មានការចូលរួមដឹងលឺ និងព្រមព្រៀងពីកូនក្តីខ្លួន អ្នកភូមិរស់នៅទីនោះ និងជាពិសេសអ្នកដែលមានព្រំប្រទល់ជាប់ជាមួយដែលបានដឹងអំពីប្រវត្តិដីនេះ ថាជាដីកសិកម្មនោះទេ។

មានន័យថា ដីនេះស្ថិតនៅក្នុងទំនាស់ដែលមានការប្ដឹងផ្ដល់គ្នានៅឡើយ។ បើតាមច្បាប់គឺមិនអាចប្រគល់ឲ្យទៅភាគីណាមួយកាន់កាប់ដោយស្របច្បាប់មុនពេលដែលតុលាការសម្រេចក្តីនោះទេ។ បើយ៉ាងនេះ ហេតុអ្វីបានជាមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តតាកែវក្រោមការគ្រប់គ្រងរបស់លោក នួន សុធា ចេញប្លង់រឹងឲ្យទៅភាគីម្ខាងយ៉ាងដូច្នេះ?

ជុំវិញករណីខាងលើនេះ បណ្ដាញសារព័ត៌មាន The Mirror News ពុំអាចសុំការបំភ្លឺពីលោក នួន សុធា មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តតាកែវបាននៅឡើយនោះ ព្រោះទូរស័ព្ទរបស់លោកខលចូល ប៉ុន្តែគ្មានមនុស្សលើកនោះទេ។

ទោះបីជាយ៉ាងណាបណ្ដាញសារព័ត៌មាន The Mirror News នៅតែប្រកាសជំហរយ៉ាងរឹងមាំម៉ឹងម៉ាត់ទន្ទឹងរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធមកកាន់អង្គភាពយើងខ្ញុំរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង