លោកផ្កាយ៣ ឆាយ គឹមខឿន ណែនាំលោកផ្កាយ២ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលឲ្យពង្រឹងបន្ថែមលើការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងស៊ីសង
(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តល់អនុសាសន៍ណែនាំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលឲ្យខិតខំពង្រឹងបន្ថែមទៀតលើកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត។
ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកណ្តាលក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
ក្នុងពិធីបិទសន្និបាត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានធ្វើការប្ដេជ្ញាចិត្តខិតខំពង្រឹង ពង្រីកសមត្ថភាពដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អប្រសើរ។
បើតាមលោក គួច ចំរើន អភិបាលខេត្តកណ្តាលបានឯកភាពលើរបាយការណ៍ និងទិសដៅរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសូមឲ្យអង្គសន្និបាតបន្តយកជាទិសដៅក្នុងការដាក់ចេញហើយបន្តការអនុវត្តជានិច្ចឲ្យជោគជ័យលើផ្នែកសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៥។
ជាមួយនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឯកភាពលើរបាយការណ៍ និងសូមកោតសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
លោកអគ្គស្នងការរងនគរបាលជាតិបានស្នើឲ្យលោកស្នងការខេត្ត លោកស្នងការរង លោកអធិការ យកចិត្តទុកដាក់ទៅលើមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ព្រោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ជាអ្នកនៅក្បែរជាមួយប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចជាការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព ប្រសិទ្ធភាព នឹងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
គួរជម្រាបថា ក្នុងពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានសេនាធិការដ្ឋាន លោកអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត តំណាងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងតំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការវរៈព្រំដែនគោកលេខ៦០៥, តំណាងលោកប្រធានពន្ធនាគារខេត្តកណ្តាល តំណាងលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន, តំណាងលោកប្រធានមន្ទីរអប់រំយុវជននិងកីឡា, តំណាងលោកប្រធានមន្ទីរសុខាភិបាល, លោកស្នងការរង, លោកនាយការិយាល័យជំនាញ, លោកអធិការនគរបាលស្រុក/ក្រុង, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន២១៦រូប៕