អាជ្ញាធរជាតិ អ.ដ.ក. បានបន្តចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ សមាជិក អ.ដ.ក., ឯកឧត្តម ឃ្លោក ដារ៉ា សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, តំណាងមន្ទីរពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ សរុបប្រមាណជា៣០០រូប។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តម កើត ឆែ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់រដ្ឋបាលមូលដ្ឋាន ក្នុងការជួយសម្រុះសម្រួលដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ក៏បានរំលឹកអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់ មុននឹងវិវាទរីករាលដាលកាន់តែធំទ្បេីង ដូចនឹងពាក្យ «រងេីកភ្លេីងតូចមួយ អាចបង្កជាអគ្គីភ័យមួយបាន»។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកឡើងអំពីគោលបំណងនៃការបង្កើត អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ បន្ថែមលើយន្តការដែលមានស្រាប់ ដែលមានបេសកកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា អ្វីដែលជាចំណុចពិសេសរបស់ អ.ដ.ក. នោះគឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិនេះ នឹងមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានបន្តផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញទាំងអស់ ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. នេះ។
សូមបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ គឺជាទិសដៅទី១០ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត និងខេត្តកំពង់ធំ ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តរៀបចំកម្មវិធីនេះ ឱ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស៕