បាក់ច្រាំងទន្លេមេគង្គ ផ្អើលដល់លោកចៅហ្វាយខេត្តកណ្ដាលចុះពិនិត្យ ខណៈមានមនុស្ស៤នាក់របួសធ្ងន់ស្រាលនិងម្នាក់ទៀតបានកំពុងបាត់ខ្លួន រកមិនទាន់ឃើញ នៅស្រុកខ្សាច់កណ្តាល
(កណ្តាល)៖ ដោយសារតែគ្រោះធម្មជាតិបានបង្កធ្វើឲ្យបាក់ច្រាំងទន្លេមេគង្គ ប្រវែងជាង៣០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ បណ្តាលឱ្យបាក់ស្រុតកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មើលឃើញបញ្ហាបែបនេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ ដោយបានអញ្ជើញចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
លោកអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់នៅទីតាំងបាក់ច្រាំងនេះ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីជៀសវាងគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ។ ជាមួយគ្នានេះដែរលោកអភិបាលក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។
គួរបញ្ជាក់ថា ការបាក់ច្រាំងខាងលើនេះ គឺបណ្ដាលមកពីគ្រោះធម្មជាតិ។ ហេតុ ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ដែលបានបណ្តាលឱ្យបាក់ច្រាំងសង្កត់លើទូក៣គ្រឿង និងបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់ ក្នុងនោះម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀត អាជ្ញាធរមូលដ្ឋានកំពុងតែខិតខំស្វែងរកសពជូនគ្រួសាររងគ្រោះ៕