សកម្មភាពក្រុមឈ្មួញសម្រុកដឹក«ធ្យូង» ចេញទៅប្រទេសថៃ ដោយគ្មានការបង្ក្រាបឲ្យតឹងរ៉ឹងពីសមត្ថកិច្ចជំនាញកំពុងបង្កភាពហិនហោចព្រៃឈើកម្ពុជា
(ឧត្ដរមានជ័យ)៖ ឈ្មួញជាច្រើននាក់បាននាំគ្នាប្រើរថយន្តសាំយ៉ុង សម្រាប់ជាមធ្យោបាយដឹកជញ្ជូន«ធ្យូង»ចេញពីភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ប្រទេសថៃ យ៉ាងគគ្រឹកគគ្រេងតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ជារៀងរាល់យប់ ខណៈសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះ មិនត្រឹមតែមិនទប់ស្កាត់ប៉ុណ្ណោះទេ ដោយថែមទាំងសម្រួលនិងបើកបារ៉ាស់ឱ្យទៀតផង។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
លោក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានថ្លែងថា កន្លងមករូបលោកបានដាក់ផែនការមិនអនុញ្ញាតឱ្យរថយន្តដឹក«ធ្យូង»ចេញទៅប្រទេសថៃឡើយ។
បើតាមប្រភពបានឲ្យដឹងថា ដើម្បីផ្គត់ផ្គង់ទីផ្សារ«ធ្យូង»នៅប្រទេសថៃ ទើបក្រុមឈ្មួញជាច្រើននាក់បាននាំគ្នាប្រើរថយន្តសាំយ៉ុងកែច្នៃ សម្រាប់ដឹកជញ្ជូននិងប្រមូលទិញ”ធ្យូង”តាមបណ្ដា(ឡ)នានា។ រួចដឹកឆ្លងដែនទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ គ្មានឈប់ឈរ រាល់យប់តែម្ដង។ ពោលគឺ សកម្មភាពទាំងនេះ បានកើតមានជាយូរខែឆ្នាំមកហើយ រហូតក្លាយជាទម្លាប់ដ៏អាក្រក់ ដែលមិនអាចកែប្រែបាន។ ជាហេតុនាំឱ្យពលរដ្ឋជាម្ចាស់ឡ«ធ្យូង» នីមួយៗសម្រុកចូលកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីដឹកបញ្ចូលក្នុង ឡ ដុតឱ្យក្លាយជា «ធ្យូង»សម្រាប់លក់ឱ្យឈ្មួញជាប្រចាំខួបប្រាំងខួបវស្សា។
ប្រភពបន្តទៀតថា ក្នុង១យប់ៗ មានរថយន្តសាំយ៉ុងចាប់ពី១០ទៅ១៥គ្រឿង ដែលតែងតែដឹកជញ្ជូន«ធ្យូង»ឆ្លងដែនពីក្រុងសំរោងចេញទៅប្រទេសថៃ ចន្លោះពីម៉ោង៧យប់រហូតដល់ម៉ោង១២រំលងអាធ្រាត្រជាប្រចាំ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខណៈមន្ត្រីពាក់ព័ន្ធ ដែលមានភារៈកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះមិនទប់ស្កាត់ឡើយ ហើយថែមទាំង បើកបារ៉ាស់ឱ្យរថយន្តដឹក”ធ្យូង”ធ្វើចរាចរណ៍ចេញចូលឆ្លងព្រំដែន ទៅប្រទេសថៃ ដោយខុសច្បាប់.ផុតម៉ោងរដ្ឋបាលថែមទៀត។
ប្រភពថា ពាក់ព័ន្ធករណីនេះ លោក ឯម បញ្ញារិទ្ធ ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មិនទទួលទូរស័ព្ទទេ ដូច្នេះអ្នកកាសែតមិនអាចសុំការបំភ្លឺបានទេ។ រីឯលោក ផាន់ វណ្ណៈ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួលដូចគ្នា។ ចំណែកលោក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានថ្លែងថា រូបលោកបានដាក់ផែនការមិនឱ្យរថយន្តដឹក«ធ្យូង»ចេញទៅប្រទេសថៃនោះទេ។ចំពោះសំនួរថា តើសមត្ថកិច្ចរបស់លោកបានបើកបារ៉ាស់ឱ្យរថយន្តដឹក«ធ្យូង»មែនឬមិនមែន? ត្រង់ចំណុចនេះលោក ស្រេង ធារី ហាក់ឆ្លើយពង្វាងថា កន្លងមកខ្ញុំដាក់គោលការហើយ មិនឱ្យឡើងទៅថៃឡើយ។
ជុំវិញរឿងនេះមជ្ឈដ្ឋានអ្នកច្បាប់សង្ឃឹមថា លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រាកដជាចាត់វិធានការទប់ស្កាត់ នឹងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលបើកភ្លើងខៀវឱ្យឈ្មួញ ដឹកជញ្ជូន«ធ្យូង»ទៅប្រទេសថៃ នៅពេលយប់ តាមច្រកទ្វារព្រំដែនខាងលើមិនខានឡើយ។ ព្រោះថា សកម្មភាពទាំងនេះកំពុងបង្កភាពហិនហោចព្រៃឈើ ដោយសារពលរដ្ឋជាម្ចាស់ឡ«ធ្យូង»នីមួយៗ សម្រុកកាប់បំផ្លាញព្រៃឈើ យកមកដុតឱ្យក្លាយជា«ធ្យូង»ដើម្បីលក់ឱ្យឈ្មួញ សម្រាប់ផ្គត់ផ្គង់ទីផ្សារ«ធ្យូង»នៅឯក្រៅប្រទេស៕