លោកបណ្ឌិត ជិន ម៉ាលីន ផ្តាំផ្ញើថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរីទាំងអស់ឱ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
(រតនគិរី)៖ លោកបណ្ឌិត ជិន ម៉ាលីន បានបន្តផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរីទាំងអស់ ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. នេះ។
ការផ្ដាំផ្ញើរបស់លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរី។
លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងអំពីគោលបំណងនៃការបង្កើត អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ បន្ថែមលើយន្តការដែលមានស្រាប់ ដែលមានបេសកកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ បន្ថែមពីនេះ លោកបណ្ឌិតក៏បានលើកឡើងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ អ.ដ.ក. គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ដែលជាទូទៅប្រជាពលរដ្ឋតែងប្រើយន្តការរដ្ឋបាល ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទរបស់ពួកគាត់ ហើយវិធីសាស្ត្រក្នុងការដោះស្រាយវិវាទដែលល្អបំផុតតាមរយៈយន្តការរដ្ឋបាលនេះ គឺការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីទទួលបាននូវដំណោះស្រាយមួយ ដែលជា «ដំណោះស្រាយឈ្នះ-ឈ្នះ»សម្រាប់ភាគីវិវាទ។
គួរជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តរតនគិរី អំពីលទ្ធភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក វ៉ាន់ សោភា សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី,លោក ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី, លោកប្រធានសាលាដំបូងខេត្តរតនគិរី, លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរី រួមមាន តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តរតនគិរី សរុបចំនួនប្រមាណ២៥០រូប៕