រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវកាត់បន្ថយការពិសាភេសជ្ជៈផ្អែម កុំពិសាប្រៃលើសកម្រិត កុំពិសាខ្លាញ់ច្រើន កុំពិសារគ្រឿងស្រវឹង កុំជក់បារី

(កណ្ដាល)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវកាត់បន្ថយការពិសាភេសជ្ជៈផ្អែម កុំពិសាប្រៃលើសកម្រិត កុំពិសាខ្លាញ់ច្រើន កុំពិសារគ្រឿងស្រវឹង និងកុំជក់បារី។

ការអំពាវនាវរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងយុទ្ធនាការផ្សព្វផ្សាយដេីម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូន​ដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន មកពីរោងចក្រសហគ្រាស ​និងកម្មករនិយោជិតក្នុងវិស័យនានាសរុបជាង ៤ពាន់នាក់ ដោយមានការអញ្ជើញចូលរួមពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រារព្ធឡេីងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តថា ការដែលយើងបរិភោគនូវភេសជ្ជៈផ្អែម ពិសាប្រៃលើសកម្រិត ពិសាខ្លាញ់ច្រើន ពិសារគ្រឿងស្រវឹង និងជក់បារី រៀងរាល់ថ្ងៃ នោះធ្វើឱ្យយើងកើតននូវជំងឺមិនឆ្លងដោយមិនដឹងខ្លួន។ 

លោកបញ្ជាក់បន្ថែមថា ជំងឺមិនឆ្លង កើតឡើងបន្តិចម្ដងៗដោយមិនធ្វើឱ្យយើងដឹងខ្លួនឡើយ ហើយនៅពេលដែលយើងមានជំងឺមិនឆ្លងនេះ ធ្វើឱ្យយើងមានភាពស្មុគស្មាញ ប្រើប្រាស់រយៈពេលយូរក្នុងការព្យាបាល ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ ជំងឺមិនឆ្លងមានដូចជា៖ ជំងឺបេះដូង ស្ទះសរសៃឈាម ជំងឺលើសឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗដទៃទៀតជាច្រើន ហើយជំងឺមិនឆ្លងនេះ ធ្វើឱ្យយើងឈឺរ៉ាំរ៉ៃ នឹងអាចបណ្ដាលឱ្យស្លាប់ផងដែរ។ 

លោករដ្ឋមន្ត្រីសំណូមពរដល់បងប្អូនកម្មករកម្មការិនីទាំងអស់ សូមយកសារអប់រំសុខភាពផ្សព្វផ្សាយដល់ក្រុមគ្រួសារ សហគមន៍ ដើម្បីការយល់ដឹងទាំងអស់គ្នា នាំឱ្យមានការចូលរួមក្នុងការផ្លាស់ប្ដូរឥរិយាបថ ដើម្បីបង្ការជំងឺមិនឆ្លង។ ក្រសួងស្ថាប័នពាក់ព័ន្ធ សហគ្រាស គ្រឹះស្ថានទាំងអស់ សូមធ្វើការផ្សព្វផ្សាយជាប្រចាំ ឱ្យបានទូលំទូលាយនូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាំងអស់គ្នា។ 

គួរបញ្ជាក់ថា យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមកិច្ចសហការរវាងក្រសួងការងារ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះយុទ្ធនាការក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង