នៅថ្ងៃនេះ ជាលើកទី១ ដែលរដ្ឋបាលខេត្តកណ្តាល និងអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការធ្វើកំណត់ហេតុបញ្ចប់វិវាទ២ករណីក្នុងភូមិសាស្ត្រខេត្តកណ្តាល
(កណ្ដាល)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានសហការជាមួយអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានរៀបចំកិច្ចប្រជុំធ្វើកំណត់ហេតុបញ្ចប់វិវាទ ដែលត្រូវបានអជ្ញាធរខេត្តកណ្តាល សម្របសម្រួលបញ្ចប់កាលពីពេលកន្លងទៅ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងលោក យ៉ម ផារ៉ូត អគ្គលេខាធិការ នៃអជ្ញាធរជាតិដោះស្រាវវិវាទក្រៅប្រព័ន្ធតុលាការ។
ក្រោយពីបានចុះអនុស្សារណៈយោគយល់គ្នារវាង នាពេលកន្លងមក រដ្ឋបាលខេត្តកណ្តាល និង អ.ដ.ក រដ្ឋបាលខេត្ត បានធ្វើការសម្របសម្រួលបញ្ចប់វិវាទដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកកាន់រដ្ឋបាលខេត្ត ហើយក្រោយពីរដ្ឋបាលខេត្តបានសម្របសម្រួលបញ្ចប់ទំនាស់ទាំងនោះរួច បានធ្វើការបញ្ចូនទៅកាន់អគ្គលេខាធិការដ្ឋាន អ.ដ.ក ដើម្បីស្នើសុំធ្វើកំណត់ហេតុបញ្ចប់ និងប្រថាប់ត្រា ក្នុងក្របខណ្ឌ នៃអ.ដ.ក។
នៅថ្ងៃនេះជាលើកទី១ ដែលអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះមកធ្វើកំណត់ហេតុបញ្ចប់វិវាទចំនួន០២ករណី ចំពោះទំនាស់ដែលបានដោះស្រាយបញ្ចប់រួចហើយដោយរដ្ឋបាលខេត្តកណ្តាល។
ក្នុងឱការនោះ លោក នុត ពុធដារ៉ា បានធ្វើការស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការ នៃអ.ដ.ក និងមន្ត្រីសម្របសម្រួលដោះស្រាយវិវាទរបស់អ.ដ.ក ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលា ចុះមកដល់សាលាខេត្ត ធ្វើកំណត់ហេតុបញ្ចប់វិវាទក្នុងក្របខណ្ឌនៃអ.ដ.ក ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក។
ចំពោះកំណត់ហេតុសម្របសម្រួលបញ្ចប់វិវាទដែលបានប្រថាប់ត្រាដោយ អ.ដ.ក នេះ នឹងមានតម្លៃគតិយុត្តិ ដូចទៅនឹងសាលក្រមរបស់តុលាការ ដែលមានអនុភាពអនុវត្ត ដោយមិនព្រួយបារម្ភចំពោះការប្រែក្រឡាសរបស់គូភាគី ហើយមានទម្ងន់ក្នុងការអនុវត្ត។
លោក យ៉ម ផារ៉ូត អគ្គលេខាធិការ នៃអ.ដ.ក ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនេះជាលើកទី១ របស់អ.ដ.ក ដែលបានធ្វើកំណត់ហេតុបញ្ចប់វិវាទ លើសំណុំរឿងដែលបានសម្របសម្រួលបញ្ចប់រួចរាល់ តាមការស្នើសុំរបស់រដ្ឋបាលខេត្តកណ្តាល៕