អភិបាលរងខេត្តកណ្តាល លោក ខុន សេរីរដ្ឋា នឹងដឹកនាំក្រុមមន្ត្រីចម្រុះចុះត្រួតពិនិត្យការដ្ឋានអាចម៌ដីរបស់ឈ្មោះ អេង លីហួ នៅភូមិទួលរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល
(កណ្ដាល)៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មានថា«រណ្ដៅដីមួយកន្លែងកំពុងបង្កការភ័យខ្លាចព្រឺព្រួចដល់អ្នកស្រុកនិងសត្វពាហនៈអ្នកភូមិរំលេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាលយ៉ាងខ្លាំងក្លាបំផុត ព្រោះតែម្ចាស់រណ្ដៅដីមិនគោរពតាមកិច្ចសន្យាដែលបានស្នើសុំពីអាជ្ញាធរឃុំ-ស្រុក-ខេត្តនោះឡើយ ពោលគឺបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរបំផុត»។ នៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ នៅក្នុងសាលប្រជុំសាលាស្រុកអង្គស្នួលលោក ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលនឹងធ្វើការដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យការដ្ឋានអាចម៌ដីរបស់ឈ្មោះ អេង លីហួ ដែលមានទីតាំងស្ថិតនៅ ភូមិទួលរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើតាមប្រភពដែល អង្គភាព The Mirror News ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
នៅក្នុងរបៀបវារៈ មានសមាសភាពចូលរួម៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក ចាន់ សុភាព នាយករងរដ្ឋបាលសាលាខេត្ត, លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត, លោក សាយ ចាន់តារា ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ខេត្ត, លោក ប៊ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត, លោក ពៅ សោមាណាក់ប្រធានមន្ទីរបរិស្ថានខេត្ត, លោកស្រី ខុន លក្ខិណា, ប្រធានមន្ទីរសេដកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល, លោក កែម សុថាវរ៉ូ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកអង្គស្នួល, លោក មេបញ្ជារការកងរាជអាវុធហត្ថស្រុកអង្គស្នួល, លោក លោកស្រី មេឃុំទួលព្រេជ និងមេភូមិទួលរំលេច និហឈ្មោះ អេង លីហួ ម្ចាស់អាជីវកម្ម។
គួរជម្រាបថា បើតាមប្រភពបានឲ្យដឹងថា ម្ចាស់រណ្ដៅដីល្មើសច្បាប់ខាងលើ ឈ្មោះ អេង លីហួ គឺមិនបានគោរពតាមកិច្ចសន្យាដែលខ្លួនបានស្នើសុំទៅកាន់ក្រសួងរ៉ែនិងថាមពលឡើយ និងមិនបានធ្វើរបងបិទជិតរឹងមាំដើម្បីការពារសុវត្ថិភាពអាយុជីវិតមនុស្សឬការពារសត្វពាហនៈរបស់ប្រជាជនសោះឡើយ។
ប្រភពបន្តថា ម្ចាស់អាជីវកម្មអាចម៍ដីនៅតំបន់ខាងលើ បានកំពុងសម្ងំលួចធ្វើអាជីវកម្មលាក់បាំងភ្នែកលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលយ៉ាងស្ងៀមស្ងាត់បំផុត ព្រោះតែអាជីវកម្មខាងលើនេះ មិនមែនជាអាជីវកម្មអាចម៌ដីសុទ្ធសាធនោះទេ គឺពួកគេបានកំពុងសម្ងំធ្វើសិប្បកម្មយកថ្មដែលផ្ទុយពីអាជ្ញាបណ្ណដែលខ្លួនបានស្នើសុំ ពោលគឺច្បាប់បានតម្រូវឲ្យម្ចាស់អាជីវកម្មអាចម៌ដីត្រូវតែសុំច្បាប់ឬអាជ្ញាបណ្ណធ្វើសិប្បកម្មយកថ្មមួយទៀតដាច់ដោយឡែក៕