មកទល់ថ្ងៃទី៧ កុម្ភៈនេះ អាជ្ញាធរស្រុកអង្គស្នួលនៅមិនទាន់មានវិធានការចំពោះម្ចាស់របងយក្សអត់ច្បាប់បានកំពុងផុសឡើងនៅកណ្ដាលភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេចនៅឡើយនោះទេ!
(កណ្ដាល)៖ គិតមកត្រឹមព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺមានរយៈពេលចំនួន១៣ថ្ងៃមកហើយ ដែលអាជ្ញាធរស្រុកអង្គស្នួលដឹកនាំដោយ លោកអភិបាលស្រុក នូ សុវណ្ណារិទ្ធ នៅមិនទាន់មានវិធានការអ្វីចំពោះម្ចាស់របងថ្មរឹងមាំកម្ពស់ជាង៥ម៉ែត្រអត់ច្បាប់ដែលបានកំពុងផុសឡើងយ៉ាងងងើលបង្អួតអ្នកភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាលនៅឡើយនោះទេ។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
មជ្ឍមដ្ឋានបានដាក់ជាចម្ងល់ថា តើនេះជារបៀបធ្វើការនិងដឹកនាំរបស់លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលទើបឡើងថ្មីនេះមែនទេ បើទោះបីជាមន្ត្រីនៃរដ្ឋបាលសាលាឃុំទួលព្រេចធ្លាប់បានលើកឡើងថា ម្ចាស់ដីនិងរបងខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងក្រាក់នេះ មិនបានសុំច្បាប់នៅឃុំទេ ឬមួយទុកឲ្យក្រុមអ្នកអត់គោរពច្បាប់នៅតែបំពានច្បាប់បន្តទៀត?។
បើតាមប្រភពពីមន្ត្រីសាលាស្រុកអង្គស្នួលម្នាក់បានខ្សឹបឲ្យអង្គភាព The Mirror News ដឹងនៅព្រឹកថ្ងៃនេះថា លោក នូ សុវណ្ណារិទ្ធ បានចាត់ឲ្យលោក រស់ រ៉ុម អភិបាលរងស្រុកអង្គស្នួលតំណាងលោកដឹកនាំកម្លាំងចុះទៅពិនិត្យដែរ ប៉ុន្តែគេមិនទាន់ដឹងថា ហេតុអ្វីបានជាលោកមិនទាន់ចុះទៅពិនិត្យរបងខាងលើនេះទេ។
គួររំលឹកថា ទាក់ទិនម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គេមិនទាន់ដឹងថា ជានរណា មកពីណា មានតួនាទីអ្វីនោះទេ?។
ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបធ្លាប់ប្រាប់ឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អត់បានសុំច្បាប់ធ្វើរបងនឹងដែរ៕