កូនប្រសារបាញ់ប្រហារឪពុកម្ដាយក្មេកស្លាប់ ខណៈប្រពន្ធ និងបងថ្លៃរងបួសធ្ងន់ ហើយបាញ់ខ្លួនឯងតាមក្រោយនៅស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ ខ្មាន់កាំភ្លើងជាកូនប្រសារប្រុសម្នាក់បានយកកាំភ្លើងម៉ាក AK បាញ់ប្រហារឪពុកម្ដាយក្មេកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈប្រពន្ធ បងថ្លៃ និងប្រជាការពារម្នាក់រងរបួសធ្ងន់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ 

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមសេចក្ដីរាយការណ៍ថា ការបាញ់ប្រហារដែលបង្កឡើងដោយខ្មាន់កាំភ្លើងជាមន្ដ្រីអាវុធហត្ថនេះ ឈ្មោះ ហ៉ីង សុវណ្ណរិទ្ធ បានបណ្ដាលឲ្យឪពុកម្ដាយក្មេកស្លាប់, ប្រពន្ធ បងថ្លៃរងរបួសធ្ងន់ និងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយដែលបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។

ប្រភពថា ដើមចមដែលនាំឲ្យមានការហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕

 

អត្ថបទដែលជាប់ទាក់ទង