សម្ដេចធិបតី៖ ទើបឃើញរូបភាពប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ!
(ភ្នំពេញ)៖ រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក ដោយមានការចូលរួមពីឯកឧត្តម ជា ម៉ន អតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ និងមានការចូលរួមពីថ្នាក់ដឹកនាំកងទ័ពថៃពាក់ព័ន្ធមួយចំនួនទៀត។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចបន្តថា កិច្ចចរចារនេះ គឺដើម្បីឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ២០១១។
សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកឲ្យដឹងថា កាលពីយុទ្ធគ្នានេះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ដោយបានរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨។
សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន។ បន្ថែមលើនោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងៗ ក៏ទទួលរងការប៉ះពាល់ជាអវិជ្ជមានផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចបានឲ្យដឹងបន្ថែមថា បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។
សម្ដេចបន្តយ៉ាងដូច្នេះថា ប្រជាជនខ្មែរនិងប្រជាជនថៃមានសិទ្ធិស្នេហាជាតិ និងស្នេហាទឹកដីរបស់ខ្លួន។ ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេ ហើយបញ្ហាព្រំដែនដែលនៅសេសសល់គឺជាមរតកប្រវត្តិសាស្ត្រដែលបន្សល់ទុកជាយូរណាស់មកហើយ។ យើងត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជាសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថាហេតុដូចកាលពីឆ្នាំ២០០៨-២០១១។
«ខ្ញុំកើតមិនទាន់សង្គ្រាមក្នុងទសវត្សរ៍ទី៧០ ហើយក៏នៅតូចនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សទី៩០។ ប៉ុន្តែខ្ញុំគិតថាការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នាកាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ។ អ្នកដែលខាតបាត់បង់ផ្ទាល់គឺយោធិននៃប្រទេសទាំងពីរនិងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា (មិនទាន់គិតពីផលប៉ះពាល់លើទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរនោះផង)។ អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។ខ្ញុំសង្ឃឹមថានេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា៕