កម្លាំងនគរបាលស្រុកលើកដែកឃាត់ខ្លួនតៃកុងរថយន្តដឹកអ្នកដំណើរភ្នំពេញ-វៀតណាមយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោក
(ភ្នំពេញ)៖ អនុវត្តតាមគោលការណ៍ណែនាំលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនាឆ្នាំ២០២៥នេះ កម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោកជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។
លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបមតិយោបល់សំណូមពរប្រជាពលរដ្ឋដែលសង្កេតឃើញនូវករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ជាបន្តបន្ទាប់បានបើកវ៉ាជែងបង្កគ្រោះថ្នាក់ និងក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។
លោកបានរំលឹកថា តបតាមគោលការណ៍ណែនាំរបស់លោកអភិសន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការមួយចំនួនបន្ថែមទៀត ក្នុងនោះមានជាអាទិ៍ការបំពាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពរថយន្តដឹកអ្នកដំណើរ និងក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗទៀតដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរលើសល្បឿនកំណត់។
គួរបញ្ជាក់ថាលោកអភិសន្តិបណ្ឌិត ស សុខា បានចំណារឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិចាត់វិធានការមួយចំនួនលើករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បន្ទាប់ពីក្រុមការងារបានប្រមូលព័ត៌មានពីសាធារណជនទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពបើកបរ វ៉ាជែង មិនគោរពសិទ្ធអាទិភាព ហើយដែលជារឿយៗបង្កគ្រោះថ្នាក់។
ចំណាត់ការនេះ ក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ ចំពោះការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ មកពីប្រទេសវៀតណាមភ្ញៀវទេសចរណ៍កម្ពុជាទៅវៀតណាម និងភ្ញៀវអន្តរជាតិដែលធ្វើដំណើរទៅមក តាមមធ្យោបាយរថយន្តក្រុងភ្នំពេញវៀតណាមនេះដែរ៕